ព័ត៌មានអន្តរជាតិ

កិច្ចចរចាត្រីភាគី អាមេរិក-អ៊ុយក្រែន-អឺរ៉ុប ត្រូវបានធ្វើឡើង នៅទីក្រុងប៉ារីស

China Daily

ប៉ារីស៖ ប្រទេសបារាំង បានរៀបចំកិច្ចប្រជុំត្រីភាគីលើប្រទេស អ៊ុយក្រែន ដែលនេះជាលើកទីមួយ ដែលសហរដ្ឋអាមេរិក អ៊ុយក្រែន និងអឺរ៉ុប បានអង្គុយនៅតុចរចាដូចគ្នា ចាប់តាំងពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចូលកាន់តំណែងក្នុងខែមករា ។

រដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Noel Barrot បានប្រាប់ News Channel LCI ឲ្យដឹងថា វាជាលើកទីមួយហើយ ដែលជនជាតិអាមេរិក អ៊ុយក្រែន និងជនជាតិអឺរ៉ុប ” នៅតុតែមួយ”  នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

លោក Barrot បានសង្កត់ធ្ងន់ថា កិច្ចប្រជុំនេះគឺ “ចាំបាច់” ព្រោះវាមានគោលបំណងឆ្ពោះទៅរកគោលដៅរួមមួយ គឺសន្តិភាពនៅអ៊ុយក្រែន។  ទោះជាយ៉ាងណាក៏ដោយ លោកក៏បានសង្កត់ធ្ងន់ថា “សន្តិភាពយូរអង្វែង អាចសម្រេចបាន លុះត្រាតែមានការយល់ព្រម និងការចូលរួមចំណែកពីអឺរ៉ុប”។

មេដឹកនាំអឺរ៉ុប បានសម្តែងការព្រួយបារម្ភ និងការខកចិត្ត ចំពោះវិធីសាស្រ្តរបស់រដ្ឋបាលលោក ត្រាំ ក្នុងការពិភាក្សា អំពីជម្លោះអ៊ុយក្រែន និងរុស្ស៊ី ដែលទុកឱ្យក្រុងគៀវ និងអ្នកគាំទ្រអឺរ៉ុបរបស់ខ្លួននៅក្រៅឆាក។

ពួកគេបានសង្កត់ធ្ងន់ យ៉ាងខ្ជាប់ខ្ជួនថា “គ្មានសន្តិភាពយូរអង្វែង” អាចសម្រេចបាន នៅអ៊ុយក្រែន ដោយមិនមាន ការចូលរួមពីអឺរ៉ុប នៅក្នុងកិច្ចពិភាក្សានោះទេ ។ ជុំទីពីរនៃកិច្ចពិភាក្សាបែបនេះ គ្រោងនឹងធ្វើឡើង នៅទីក្រុងឡុងដ៍សប្តាហ៍ក្រោយ ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top