ហ្គាហ្សា៖ ក្រុមហាម៉ាស់ បានឲ្យដឹងថា ខ្លួនត្រៀមខ្លួនជាស្រេច ដើម្បីចាប់ផ្តើមការចរចាភ្លាមៗ លើកិច្ចព្រមព្រៀង ដើម្បីផ្លាស់ប្តូរចំណាប់ខ្មាំង អ៊ីស្រាអែលទាំងអស់ ជាមួយនឹងចំនួនអ្នកទោស ប៉ាឡេស្ទីន ដែលបានព្រមព្រៀងគ្នា ក្នុងគោលបំណង ដើម្បីបញ្ឈប់សង្គ្រាមនៅតំបន់ហ្គាហ្សាទាំងស្រុង។
លោក Khalil Al-Hayya ប្រធានក្រុមហាម៉ាស់ នៅហ្គាហ្សាបានឲ្យដឹងនៅក្នុងសុន្ទរកថាវីដេអូមួយថា ក្រុមហាម៉ាស់បាន សម្តែងការត្រៀមខ្លួន ដើម្បីចាប់ផ្តើមការចរចាជាបន្ទាន់លើកញ្ចប់ទូលំទូលាយមួយ ដែលអ្នកទោសទាំងអស់ ដែលត្រូវបានឃុំខ្លួនដោយការតស៊ូ និងចំនួនអ្នកទោសប៉ាឡេស្ទីន ដែលបានព្រមព្រៀងគ្នានៅក្នុងពន្ធនាគារ ដែលត្រូវបានកាន់កាប់ត្រូវបានដោះលែង។
នេះជាថ្នូរនឹងការបញ្ចប់សង្រ្គាមប្រឆាំងនឹងប្រជាជនរបស់យើង ការដកខ្លួនចេញពីតំបន់ហ្កាហ្សាពេញលេញ ការចាប់ផ្តើមកសាងឡើងវិញ និងការបញ្ចប់ការ ឡោមព័ទ្ធរបស់អ៊ីស្រាអែល នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោក Al-Hayya បានចោទប្រកាន់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ និងរដ្ឋាភិបាល អ៊ីស្រាអែលថា “ប្រើប្រាស់កិច្ចព្រមព្រៀង មួយផ្នែកជាគម្រប” សម្រាប់ “របៀបវារៈនយោបាយរបស់លោក ណេតាន់យ៉ាហ៊ូ ដែលផ្អែកលើការបន្តសង្រ្គាម” ដោយបន្ថែមថា ក្រុមហាម៉ាស់ “នឹងមិនជាផ្នែកមួយនៃការអនុវត្តគោលនយោបាយនេះទេ” ។
កាលពីថ្ងៃច័ន្ទ ទូរទស្សន៍ Kan TV គ្រប់គ្រងដោយរដ្ឋរបស់អ៊ីស្រាអែល បានរាយការណ៍ថា អ្នកចរចាអេហ្ស៊ីប និងកាតា បានបង្ហាញដល់ក្រុមហាម៉ាសនូវសំណើកិច្ចព្រមព្រៀងថ្មី ដែលរួមមានការដោះលែងចំណាប់ខ្មាំងប្រហែល ១០នាក់ និងបទឈប់បាញ់បណ្តោះអាសន្ន។
ក្រុមហាម៉ាស់ បានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា ខ្លួនកំពុងពិនិត្យមើលសំណើរ ហើយនឹងបញ្ជូនការឆ្លើយតប របស់ខ្លួនបន្ទាប់ពីបញ្ចប់ការ ពិគ្រោះយោបល់ផ្ទៃក្នុង៕
ប្រែសម្រួល ឈូក បូរ៉ា
