បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រទេសអាល្លឺម៉ង់គួរតែបរិច្ចាគយ៉ាងហោចណាស់៣០ភាគរយ នៃរថពាសដែក និងយន្តហោះយោធារបស់ខ្លួនដល់ក្រុងគៀវ នេះបើយោងតាមលោក Andrey Melnik បេសកជនអ៊ុយក្រែនប្រចាំអង្គការសហប្រជាជាតិ។
ការអំពាវនាវរបស់លោកធ្វើឡើងនៅពេលដែលបណ្តាប្រទេស EU ស្វែងរកវិធីដើម្បីបង្កើនការគាំទ្រ ចំពេលមានភាពមិនច្បាស់លាស់ថាតើប្រធានាធិបតីអាមេរិក Donald Trump នឹងបន្តគាំទ្រអ៊ុយក្រែនឬយ៉ាងណា។
លោក Melnik ដែលបានបម្រើការជាឯកអគ្គរដ្ឋទូតប្រចាំទីក្រុងប៊ែរឡាំងពីឆ្នាំ២០១៥ ដល់ឆ្នាំ២០២២ បានឆ្លើយតបការអង្វររបស់គាត់នៅក្នុងលិខិតចំហមួយទៅកាន់អធិការបតី Friedrich Merz ដែលបានបោះពុម្ពផ្សាយនៅ Welt am Sonntag កាលពីថ្ងៃសៅរ៍ដោយក្នុងនោះ គាត់បានសរសេរថា៖ វាស្ថិតនៅក្នុងដៃរបស់អ្នក ជាអ្នកបង្កើតសន្តិភាព ដើម្បីបញ្ឈប់សង្រ្គាមដ៏អាក្រក់នេះ នៅចុងឆ្នាំ២០២៥នេះ។
យោងតាមលោក Melnik អាល្លឺម៉ង់គួរតែបរិច្ចាគ៣០ភាគរយនៃស្តុករថពាសដែក និងយន្តហោះ របស់ខ្លួនដល់ទីក្រុងគៀវ រួមទាំងយន្តហោះចម្បាំង Eurofighter Typhoonចំនួន៤៥ គ្រឿង និងយន្តហោះចម្បាំង Tornado ចំនួន៣០គ្រឿង រថក្រោះប្រយុទ្ធសំខាន់ចំនួនដូចជា Leopard 2 ចំនួន ១០០គ្រឿងនិងរថពាសដែក Puma ចំនួន ១១៥គ្រឿង និង Marder ប្រហែលជា១៣០គ្រឿង។
បន្ថែមពីនោះលោក Melnik ក៏បានជំរុញឱ្យប្រទេសអាល្លឺម៉ង់ប្តេជ្ញាចិត្តប្រមាណជា០,៥ភាគរយ នៃ GDP របស់ខ្លួន ឬ ប្រមាណជាជាង ២១ពាន់ជារៀងរាល់ឆ្នាំ ជាជំនួយយោធាដល់អ៊ុយក្រែនរហូតដល់ឆ្នាំ២០២៩ ផងដែរដែលមូលនិធិទាំងនេះគួរតែត្រូវបានវិនិយោគលើការផលិតអាវុធទំនើបទាំងនៅក្នុងប្រទេសអាល្លឺម៉ង់ និងអ៊ុយក្រែន៕
ប្រែសម្រួល៖ ស៊ុនលី
