ព័ត៌មានអន្តរជាតិ

ឃាត់ខ្លួនមនុស្ស៤នាក់ ពីបទត្រាំសណ្ដែកបណ្ដុះ ចំនួន ៣.៥០០តោន ជាមួយសារធាតុជាតិ គីមីពុលស្លាប់ នៅវៀតណាម

VN Express

វៀតណាម ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា អាជ្ញាធរវៀតណាម បានចាប់ខ្លួនបុគ្គលចំនួន ៤ នាក់ នៅខេត្ត Nghe An ក្នុងប្រទេស វៀតណាម កាលពីថ្ងៃសៅរ៍ពីបទផលិត និងលក់សណ្តែកបណ្តុះ ចំនួន ៣,៥០០តោន ដែលមានផ្ទុកសារធាតុគីមី ហាមឃាត់ចាប់តាំងពីឆ្នាំ ២០២៤ ។

ប៉ូលីសបាននិយាយថា ជនសង្ស័យឈ្មោះ Luu Manh Huong អាយុ៣២ឆ្នាំ លោក Luu Van Trung អាយុ ២៨ ឆ្នាំ លោក Tran Khac Duy អាយុ ៣៥ ឆ្នាំ និង Nguyen Van Huong អាយុ ២៧ ឆ្នាំជាម្ចាស់រោងចក្រផលិត សណ្តែកជាច្រើននៅទីក្រុង Vinh ខេត្ត Nghe An ។

ក្រុមអ្នកស៊ើបអង្កេត បានរកឃើញថា ក្នុងការវាយឆ្មក់កាលពីថ្ងៃទី ១១ ខែមេសា ប៉ូលីសបានរឹបអូស សណ្តែកបណ្តុះគីមី ប្រមាណ ២៥ តោន ដែលរក្សាទុកក្នុងធុងប្លាស្ទីក រួមជាមួយនឹង benzyl adenine (6-BAP) ចំនួន ២៥ លីត្រ។ សារធាតុគីមីហាមឃាត់ចំនួន ១៥០ លីត្រត្រូវបានកែច្នៃរួចហើយ ដើម្បីព្យាបាល សណ្តែកបណ្តុះមុនការវាយឆ្មក់។

Benzyl adenine គឺជាសារធាតុគីមី ជំរុញការលូតលាស់ ត្រូវបានហាមឃាត់ត្រូវបានគេស្គាល់ថា បណ្តាលឲ្យមានបញ្ហា សុខភាពធ្ងន់ធ្ងរ រួមទាំងជំងឺស្ទះសួត និងអាចស្លាប់ប្រសិនបើទទួលទានក្នុងបរិមាណច្រើន ។ ជនសង្ស័យបានសារភាពថា ខ្លួនបានប្រើប្រាស់សារធាតុគីមីដើម្បីបង្កើនរូបរាង និងទំហំគ្រាប់សណ្តែក ធ្វើឲ្យមានទីផ្សារកាន់តែច្រើន ។

អាជ្ញាធរបាននិយាយថា ការស៊ើបអង្កេតលើ ទំហំពេញលេញ នៃប្រតិបត្តិការកំពុងដំណើរការ៕

To Top