តូក្យូ ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក Shigeru Ishiba បានឲ្យដឹងថា រដ្ឋាភិបាលរបស់លោកនឹង មិនរួមបញ្ចូលការពិភាក្សា អំពីសន្តិសុខ នៅក្នុងកិច្ចចរចាពាណិជ្ជកម្ម របស់ខ្លួនជាមួយសហរដ្ឋអាមេរិកនោះទេ ខណៈដែលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានអំពាវនាវឱ្យកាត់បន្ថយបន្ទុក របស់សហរដ្ឋអាមេរិក ក្នុងការការពារប្រទេសជប៉ុន។
លោក Ishiba បានឲ្យដឹងនៅក្នុងកម្មវិធីទូរទស្សន៍មួយថា “ខ្ញុំមិនគិតថា វាសមស្របទេក្នុងការពិភាក្សាអំពីសន្តិសុខ និងពាណិជ្ជកម្មជាមួយគ្នា ។ យើងគួរតែដោះស្រាយបញ្ហាសន្តិសុខ ដោយមិនភ្ជាប់វាទៅនឹងបញ្ហាពន្ធគយ” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។
លោក Ishiba ក៏បានឲ្យដឹងផងដែរថា លោកជឿថាការកាត់ ឱនភាពពាណិជ្ជកម្ម របស់សហរដ្ឋអាមេរិក ជាមួយប្រទេស ផ្សេងទៀត គឺជាអាទិភាពកំពូលរបស់លោក ត្រាំ ដោយបានសន្យាថា នឹងពិនិត្យមើលឡើងវិញនូវបទប្បញ្ញត្តិ រថយន្តរបស់ប្រទេសជប៉ុន ដើម្បីឆ្ពោះទៅមុខការចរចា ជាមួយសហរដ្ឋអាមេរិក។
លោក Ishiba បានលើកឡើងថា “យើងនឹងខិតខំប្រឹងប្រែងដើម្បីធានាថាប្រទេសជប៉ុន មិនត្រូវបានចោទប្រកាន់ថា មានភាពអយុត្តិធម៌នោះទេ” ប៉ុន្តែលោកមិនបានរៀបរាប់លម្អិតអំពីបញ្ហាសំខាន់ៗផ្សេងទៀតដូចជាអត្រាប្តូរប្រាក់បរទេស និងការកាន់កាប់របស់រតនាគារសហរដ្ឋអាមេរិករបស់ទីក្រុងតូក្យូនោះទេ។
ពាក់ព័ន្ធនឹងពេលវេលា ដែលថានៅថ្ងៃណា ដែលត្រូវបញ្ចប់កិច្ចពិភាក្សានោះ Ishiba បានលើកឡើងថា “ពួកគេត្រូវតែបង្កើត លទ្ធផលដែលចង់បានសម្រាប់ភាគីទាំងពីរ។ យើងចង់ចំណាយពេលចាំបាច់ ដើម្បីបង្កើតគំរូមួយសម្រាប់ពិភពលោក”។ លោកបានបញ្ជាក់ជាថ្មីថា លោកនឹងទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក «នៅពេលសមស្របបំផុត»។
ចំពោះការធ្វើសេរីភាវូបនីយកម្មទីផ្សារ កសិកម្ម លោក Ishiba បានបញ្ជាក់ថា រដ្ឋាភិបាលរបស់លោក មានគោលបំណង ធ្វើឱ្យមានតុល្យភាព រវាងការចែកចាយផលិតផល ដែលមានតម្លៃសមរម្យ គុណភាពខ្ពស់ និងការការពារអ្នកផលិតក្នុងស្រុក ដែលចំនួនរបស់ពួកគេបានធ្លាក់ ចុះចំពេលមានអត្រាកំណើតធ្លាក់ចុះ។
ទន្ទឹមនឹងនោះ លោក Ishiba បានបន្ថែមថា ប្រទេសជប៉ុន ក្នុងនាមជាមេដឹកនាំ ក្នុងពាណិជ្ជកម្មសេរី នឹងជំរុញកិច្ច សហប្រតិបត្តិការ ជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និង សហភាពអឺរ៉ុប ខណៈពេលដែលសម្តែង ការព្រួយបារម្ភចំពោះផលប៉ះពាល់អវិជ្ជមាន នៃការកើនឡើង ពន្ធរវាងសហរដ្ឋអាមេរិក និងចិន៕
ប្រែសម្រួល ឈូក បូរ៉ា
