យេម៉ែន៖ បេសកជនពិសេសរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសយេម៉ែន លោក Hans Grundberg បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការវាយប្រហារតាមផ្លូវអាកាសនាពេលថ្មីៗនេះរបស់សហរដ្ឋអាមេរិកនៅក្នុង និងជុំវិញកំពង់ផែប្រេងឥន្ធនៈ Ras Isa ភាគពាយព្យនៃទីក្រុង Hodeidah សមុទ្រក្រហមរបស់ប្រទេសយេម៉ែន។
លោក Grundberg បានសរសេរនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា “ដោយបន្លឺសំឡេងអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ខ្ញុំមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីផលប៉ះពាល់នៃការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិកនៅក្នុង និងជុំវិញកំពង់ផែ Ras Isa លើជនស៊ីវិល ជាពិសេសអ្នកបើកបររថយន្តដឹកទំនិញ និងបុគ្គលិកកំពង់ផែ ក៏ដូចជាលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល”។
លោកបានសរសេរថា វដ្តនៃការវាយប្រហារលើសមុទ្រក្រហមដោយក្រុមហ៊ូទី និងសហរដ្ឋអាមេរិក “ធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងសន្តិភាព និងហានិភ័យដែលអូសទាញប្រទេសយេម៉ែនបន្ថែមទៀតចូលទៅក្នុងជម្លោះក្នុងតំបន់” ដោយលោកបានជំរុញឱ្យមានការអត់ធ្មត់ បន្ថយការកើនឡើង និងការការពារជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលដោយភាគីទាំងអស់ស្របតាមច្បាប់អន្តរជាតិ។
លោកបានសរសេរថា ការវាយប្រហារលើសមុទ្រក្រហមត្រូវតែបញ្ឈប់ជាមួយនឹង “ការធានាដែលអាចទុកចិត្តបាន ដែលការពារវាពីការក្លាយជាសង្វៀននៃជម្លោះអូសបន្លាយ ដែលជាចាំបាច់ សម្រាប់រក្សាប្រទេសយេម៉ែនមិនឱ្យរអិលទៅឆ្ងាយពីសន្តិភាព និងសម្រាប់សន្តិសុខពិភពលោក នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
នៅក្នុងការវាយឆ្មក់ដ៏សាហាវបំផុត ចាប់តាំងពីការវាយប្រហារតាមផ្លូវអាកាសជាថ្មីរបស់សហរដ្ឋអាមេរិកនៅពាក់កណ្តាលខែមីនា កងទ័ពសហរដ្ឋអាមេរិកបានបើកការវាយប្រហារជាបន្តបន្ទាប់កាលពីយប់ថ្ងៃព្រហស្បតិ៍ ដោយផ្តោតលើ និងបំផ្លាញកំពង់ផែឥន្ធនៈ Ras Isa ដែលគ្រប់គ្រងដោយក្រុមហ៊ូទី និងរថក្រោះបេតុងដែលផ្ទុកប្រេងឥន្ធនៈនាំចូល។ យោងតាមការអាប់ដេតពីអាជ្ញាធរសុខាភិបាល ដែលគ្រប់គ្រងដោយក្រុមហ៊ូទី បានឲ្យដឹងថា មនុស្សយ៉ាងហោចណាស់ ៨០ នាក់បានស្លាប់ និង ១៥០ នាក់ផ្សេងទៀតបានរងរបួស៕
ប្រែសម្រួល ឈូក បូរ៉ា
