ព័ត៌មានអន្តរជាតិ

ជប៉ុន បង្ហាញ​វិធានការ សេដ្ឋកិច្ច​បន្ទាន់ ដើម្បី​ទប់​ស្កាត់​ផល​ប៉ះពាល់​ នៃ​ពន្ធ​គយរបស់​អាមេរិក

kyodo

តូក្យូ៖ រដ្ឋាភិបាលជប៉ុនបានបង្ហាញកញ្ចប់ នៃវិធានការសេដ្ឋកិច្ចបន្ទាន់ ដើម្បីទប់ទល់នឹងផលប៉ះពាល់ អវិជ្ជមាន នៃការដំឡើងពន្ធខ្ពស់ របស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ មុនពេលការចរចា ពាណិជ្ជកម្មទ្វេភាគីលើកទីពីរ ដែលរំពឹងទុកនៅសប្តាហ៍ក្រោយ ។

កញ្ចប់ជំនួយនេះមានសសរស្តម្ភ ចំនួន ៥ រួមទាំងការគាំទ្រ សម្រាប់ហិរញ្ញវត្ថុសាជីវកម្ម និងជំហានដើម្បីជំរុញការប្រើប្រាស់ ក្នុងគោលបំណងកាត់បន្ថយ ការព្រួយបារម្ភថា ការយកពន្ធ របស់សហរដ្ឋអាមេរិក អាចប៉ះពាល់ដល់ការនាំ ចេញរបស់ប្រទេសជប៉ុន ដែលអាចធ្វើឱ្យ មានផលប៉ះពាល់យ៉ាងខ្លាំង ដល់សេដ្ឋកិច្ចរបស់ប្រទេសនេះ។

រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី Shigeru Ishiba ក៏បានសន្យាកាត់បន្ថយតម្លៃសាំង និងប្រេងម៉ាស៊ូតចំនួន ១០ យ៉េនក្នុងមួយលីត្រ ផ្តល់ការឧបត្ថម្ភធន សម្រាប់ការប្រើប្រាស់ថាមពល និងពិចារណាពង្រីកវិសាលភាព នៃប្រាក់កម្ចីការប្រាក់ទាប សម្រាប់ក្រុមហ៊ុនតូចៗចាប់ពីខែក្រោយ។

ក្នុងអំឡុងពេលកិច្ចប្រជុំមួយ ដើម្បីរៀបចំផែនការ កញ្ចប់នេះលោក Ishiba បានជំរុញឱ្យមន្ត្រីរដ្ឋាភិបាល ខិតខំប្រឹងប្រែងជាអតិបរមា ដើម្បីបន្ធូរបន្ថយផលប៉ះពាល់ នៃពន្ធខ្ពស់របស់សហរដ្ឋអាមេរិក។

លោក Ishiba បានលើកឡើងថា ពន្ធគយ របស់សហរដ្ឋអាមេរិកអាច “ប៉ះពាល់យ៉ាងខ្លាំងដល់ ឧស្សាហកម្មក្នុង ស្រុករបស់យើង ដូចជារថយន្ត និងដែកថែបជាដើម” ដោយលោកបានសង្កត់ធ្ងន់ លើភាពចាំបាច់ ចំពោះការធ្វើការងាររួមគ្នា រវាងទីក្រុងតូក្យូ និងទីក្រុងវ៉ាស៊ីនតោន ដើម្បីផលប្រយោជន៍ ទៅវិញទៅមក។

លោកបានបន្ថែមថា “វាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ពួកយើង ក្នុងការបង្ហាញយ៉ាងច្បាស់ ទៅកាន់សហរដ្ឋអាមេរិក នូវការពិតដែលថាសហគ្រាសជប៉ុន បាននិងកំពុងរួមចំណែកយ៉ាងសំខាន់ ដល់សេដ្ឋកិច្ច សហរដ្ឋអាមេរិក តាមរយៈការវិនិយោគ និងការបង្កើតការងារ” ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top