ព័ត៌មានអន្តរជាតិ

ក្រុមឧទ្ទាម Houthi បាញ់ទម្លាក់យន្តហោះដ្រូន Reaper របស់អាមេរិកចំនួន ៧ គ្រឿង ដែលមានតម្លៃ ២០០ លានដុល្លារ

kyodo

បរទេស ៖ ក្រុមឧទ្ទាម Houthi នៅក្នុងប្រទេសយេម៉ែន បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក Reaper របស់សហរដ្ឋអាមេរិកចំនួន ៧ គ្រឿងក្នុងរយៈពេលតិចជាង ៦ សប្តាហ៍ ដែលជាការបាត់បង់យន្តហោះដែលមាន តម្លៃជាង ២០០លានដុល្លារ ដែលជាការខាតបង់ដ៏ធ្ងន់ធ្ងរបំផុត របស់មន្ទីរបញ្ចកោណ នៃយុទ្ធនាការយោធាប្រឆាំង នឹងពួកសកម្មប្រយុទ្ធដែលគាំទ្រ ដោយអ៊ីរ៉ង់។

យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា យោងតាមមន្ត្រីការពារជាតិ យន្តហោះគ្មានមនុស្សបើកចំនួន ៣ គ្រឿងត្រូវបានបាញ់ទម្លាក់ កាលពីសប្តាហ៍មុន ដែលបង្ហាញថា ការកំណត់គោលដៅ របស់ក្រុមសកម្មប្រយុទ្ធ លើយន្តហោះគ្មានមនុស្ស បើកដែលកំពុងហោះហើរលើប្រទេសយេម៉ែន មានភាពប្រសើរឡើង។ មន្ត្រីដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បាននិយាយថា យន្តហោះគ្មានមនុស្សបើក កំពុងបើកការវាយប្រហារ ឬធ្វើការឃ្លាំមើល ហើយយន្តហោះទាំងនោះបានធ្លាក់ទាំងចូលទៅក្នុងទឹក និងធ្លាក់នៅលើដី។

សហរដ្ឋអាមេរិក បានបង្កើនការវាយប្រហាររបស់ខ្លួនលើក្រុមឧទ្ទាម Houthi ដោយបានបើកការវាយប្រហារជារៀងរាល់ថ្ងៃចាប់តាំងពីថ្ងៃទី១៥ ខែមីនា នៅពេលដែលប្រធានាធិបតីអាមេរិក លោក Donald Trump បានបញ្ជាឱ្យមានយុទ្ធនាការថ្មីដែលបានពង្រីក។ លោកបានសន្យាថានឹងប្រើ “កម្លាំងដ៏លើសលប់” រហូតដល់ក្រុម Houthis បញ្ឈប់ការវាយប្រហារលើការដឹកជញ្ជូន តាមច្រករបៀងសមុទ្រដ៏សំខាន់មួយ៕
ប្រែសម្រួលៈ ណៃ តុលា

To Top