សេអ៊ូល៖ ក្រសួងការពារជាតិកូរ៉េខាងត្បូង បានរិះគន់ប្រទេសកូរ៉េខាងជើង សម្រាប់ការបញ្ជាក់ជាលើកដំបូងរបស់ខ្លួន អំពីការដាក់ពង្រាយកងទ័ព ដើម្បីគាំទ្រដល់សង្រ្គាមរបស់រុស្ស៊ី ប្រឆាំងនឹងអ៊ុយក្រែន ដោយថា កូរ៉េខាងជើង បានសារភាពចំពោះទង្វើឧក្រិដ្ឋកម្មរបស់ខ្លួន ជាមួយនឹងសេចក្តីប្រកាសបែបនេះ។
នៅព្រឹកថ្ងៃដដែល កូរ៉េខាងជើង បានបញ្ជាក់ថា ខ្លួនបានបញ្ជូនកងទ័ពទៅកាន់ប្រទេសរុស្ស៊ី ក្រោមបញ្ជារបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ស្របតាមសន្ធិសញ្ញាការពារទៅវិញទៅមករបស់ទីក្រុងព្យុងយ៉ាង ជាមួយទីក្រុងមូស្គូ ដោយអះអាងថា ទាហានកូរ៉េខាងជើងបានជួយរុស្សី ដណ្តើមកាន់កាប់ទីក្រុង Kursk មកវិញ។
អ្នកនាំពាក្យក្រសួងលោក Jeon Ha-kyou បានប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃមួយថា “កងទ័ពកូរ៉េខាងជើង ដែលចូលរួមក្នុងសង្គ្រាមអ៊ុយក្រែន គឺជាទង្វើខុសច្បាប់ ដែលបំពានយ៉ាងច្បាស់នូវធម្មនុញ្ញអង្គការសហប្រជាជាតិ និងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ តាមរយៈការទទួលស្គាល់ជាផ្លូវការ កូរ៉េខាងជើង បានសារភាពចំពោះទង្វើឧក្រិដ្ឋកម្មរបស់ខ្លួន”។
លោក Jeon ក៏បានហៅការពិពណ៌នារបស់កូរ៉េខាងជើង អំពីការពង្រាយកងទ័ពថា ស្របតាមស្មារតីនៃសន្ធិសញ្ញាអន្តរជាតិថាជា “ការបោកប្រាស់” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់។
នៅក្នុងសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយនៅមុននេះបន្តិច គណៈកម្មាធិការយោធាកណ្តាលរបស់កូរ៉េខាងជើងបានឲ្យដឹងថា សកម្មភាពយោធារបស់កងទ័ពកូរ៉េខាងជើងទៅកាន់ប្រទេសរុស្ស៊ី “អនុលោមតាមស្មារតីនៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិផ្សេងទៀត” ហើយថា សន្ធិសញ្ញាការពារទៅវិញទៅមករបស់កូរ៉េខាងជើង ជាមួយរុស្ស៊ី បានដើរតួជា “គំរូ”។
លោក Jeon បានលើកឡងើងថា “វាគ្រាន់តែជាសកម្មភាពបោកបញ្ឆោតក្នុងគោលបំណងតុបតែងសកម្មភាពខុសច្បាប់របស់កូរ៉េខាងជើង” ដោយបន្ថែមថា យោធានឹងតាមដានយ៉ាងដិតដល់នូវចលនា ដែលទាក់ទងនឹងដំណើរទស្សនកិច្ចដ៏មានសក្តានុពលរបស់លោក គីម ទៅកាន់ប្រទេសរុស្ស៊ី៕
ប្រែសម្រួល ឈូក បូរ៉ា
