បរទេស៖ ទីភ្នាក់ងារសារព័ត៌មាន Mehr បានរាយការណ៍ កាលពីថ្ងៃអាទិត្យ ដោយដកស្រង់សម្តីមន្ត្រីក្នុងតំបន់ម្នាក់ថា ការផ្ទុះដ៏ធំមួយដែលកើតឡើង បន្ទាប់ពីការឆាបឆេះនៅកំពង់ផែដ៏សំខាន់មួយរបស់អ៊ីរ៉ង់ ដែលជាមជ្ឈមណ្ឌល ដ៏សំខាន់សម្រាប់ការនាំចេញប្រេង និងគីមីឥន្ធនៈនៅជិតច្រកសមុទ្រ Hormuz បានបណ្តាលឲ្យមនុស្សស្លាប់កើនដល់ ២៥នាក់ និង អ្នករបួសកើនដល់ប្រហែល ៨០០ នាក់ ផងដែរ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា ការបំផ្ទុះបានកើតឡើង នៅម៉ោងប្រហែល ១១ និង ៥៥ នាទីព្រឹកថ្ងៃសៅរ៍នៅឯកំពង់ផែ Shahid Rajaee ក្នុងទីក្រុង Bandar Abbas ។
នៅព្រឹកថ្ងៃអាទិត្យ អគ្គនាយកផ្នែកគ្រប់គ្រង វិបត្តិខេត្ត Hormozgan បានរាយការណ៍ថា មនុស្ស ១៨ នាក់ ត្រូវបានបញ្ជាក់ថា បានស្លាប់ ដោយចំនួនអ្នករបួសមានលើសពី ៨០០នាក់ ។ លោកបានកត់សម្គាល់ថាប្រហែល ២ ភាគ ៣ នៃអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យត្រូវបានអនុញ្ញាត ឱ្យចាកចេញពីមណ្ឌលវេជ្ជសាស្រ្តហើយ ខណៈអ្នកផ្សេងទៀត បន្តទទួលការព្យាបាល។
ក្រុមអ្នកពន្លត់អគ្គិភ័យ នៅតែបន្តប្រយុទ្ធនឹងអគ្គិភ័យ នៅយប់ជ្រៅ ។ អាជ្ញាធរបានធានាសុវត្ថិភាពតំបន់ និងកន្លែងគយដែលនៅជាប់នោះ ដើម្បីធ្វើការ ស៊ើបអង្កេត ដោយសង្ស័យថា មានផ្ទុកសារធាតុគីមី មិនល្អជាមូលហេតុ ដែលអាចកើតមាន។
លោក Hossein Zafari អ្នកនាំពាក្យអង្គការគ្រប់គ្រងវិបត្តិរបស់ប្រទេសអ៊ីរ៉ង់ បានប្រាប់ទីភ្នាក់ងារព័ត៌មានការងារអ៊ីរ៉ង់ (ILNA) ថា៖ «មូលហេតុនៃការផ្ទុះ គឺសារធាតុគីមីនៅក្នុងកុងតឺន័រ» ។ “កាលពីមុន អគ្គនាយកគ្រប់គ្រងវិបត្តិ បានផ្ដល់ការព្រមាន ដល់កំពង់ផែនេះក្នុងអំឡុងពេល នៃដំណើរទស្សនកិច្ចរបស់ពួកគេ ហើយបានចង្អុលបង្ហាញ ពីលទ្ធភាពនៃគ្រោះថ្នាក់។”
យ៉ាងណាក៏ដោយ អ្នកនាំពាក្យ រដ្ឋាភិបាលលោក Fatemeh Mohajerani បានប្រាប់អ្នកសារព័ត៌មានថា មូលហេតុពិតប្រាកដ មិនទាន់ត្រូវបាន កំណត់ជាផ្លូវការនៅឡើយ៕
ប្រែសម្រួលៈ ណៃ តុលា
