ព័ត៌មានអន្តរជាតិ

កងទ័ពជើងទឹក របស់ប្រទេសឥណ្ឌា ធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅសមុទ្រអារ៉ាប់ ចំពេលមានភាពតានតឹងជាមួយប្រទេសប៉ាគីស្ថាន

RT News

បរទេស៖ កងទ័ពជើងទឹករបស់ប្រទេសឥណ្ឌាបានធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅសមុទ្រអារ៉ាប់ ចំពេលមានភាពតានតឹងជាមួយប្រទេសប៉ាគីស្ថានដែលនៅជិតខាង ដែលកាន់តែអាក្រក់ទៅៗ ចាប់តាំងពីមានការវាយប្រហារភេរវករនៅតំបន់កាស្មៀរគ្រប់គ្រងដោយឥណ្ឌា កាលពីថ្ងៃអង្គារ ដែលបានបណ្តាលឲ្យមនុស្ស ២៦ នាក់ស្លាប់។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា កងទ័ពជើងទឹកឥណ្ឌាបានចែករំលែកវីដេអូ និងរូបថតនៃការបាញ់មីស៊ីលប្រឆាំងនាវានៅក្នុងការបង្ហោះនៅលើ X កាលពីថ្ងៃអាទិត្យ ដោយសរសេរថា ឥណ្ឌា “ត្រៀមខ្លួនសម្រាប់ការប្រយុទ្ធ គួរឱ្យទុកចិត្ត និងត្រៀមខ្លួនជាស្រេចនាពេលអនាគតក្នុងការការពារផលប្រយោជន៍ដែនសមុទ្ររបស់ប្រទេស” ។

យោងតាមទូរទស្សន៍ NDTV របស់ប្រទេសឥណ្ឌា គឺថា សមយុទ្ធនេះមាននាវាពិឃាត និងនាវាចម្បាំងជាច្រើនគ្រឿង ដែលបានបាញ់មីស៊ីលប្រភេទ BrahMos ប្រឆាំងនាវា និងមីស៊ីលប្រឆាំងផ្ទៃទឹក។

កាលពីថ្ងៃព្រហស្បតិ៍ កងទ័ពជើងទឹកឥណ្ឌាបានបង្ហោះវីដេអូខ្លីមួយអំពីពេលដែល «នាវាពិឃាដមីស៊ីលនាំផ្លូវចុងក្រោយបំផុត INS Surat» ជោគជ័យនៅក្នុងការកំណត់គោលដៅ នៅលើសមុទ្រ។

សារព័ត៌មាន Financial Express បានរាយការណ៍ថា “នាវាពិឃាតដ៏ធំបំផុត និងទំនើបបំផុតមួយនៅលើពិភពលោក” ដែលផលិតភាគច្រើនជាសមាសធាតុក្នុងស្រុក បានដាក់ពង្រាយប្រព័ន្ធមីស៊ីលពីដីទៅអាកាស (MR-SAM) រយៈចម្ងាយមធ្យម គឺស្ថិតនៅសមុទ្រអារ៉ាប់ អំឡុងពេលធ្វើសមយុទ្ធ៕

ប្រែសម្រួលៈ ណៃ តុលា

To Top