កាលពីព្រឹកថ្ងៃទី ២៨ ខែមេសា ពិធីអបអរសាទរ ខួបទី១០០ឆ្នាំ នៃការបង្កើតសហព័ន្ធសហជីពទូទាំងប្រទេសចិន និងពិធីប្រគល់ប័ណ្ណសរសើរ ជូនពលករគំរូ និងបុគ្គលឈានមុខ ទូទាំងប្រទេសចិន បានបើកធ្វើយ៉ាងឱឡារិក នៅវិមានសភាប្រជាជនក្រុងប៉េកាំង ។ លោកXi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការ យោធាមជ្ឈិមចិនបានអញ្ជើញចូលរួម ព្រមទាំងថ្លែងសុន្ទរកថា គន្លឹះដោយគូសបញ្ជាក់ថា ក្នុង យុគសម័យថ្មីនិងដំណើរថ្មី ចាំបាច់ត្រូវប្រមូលផ្តុំកម្លាំង ដ៏ខ្លាំងក្លារបស់វណ្ណៈកម្មករ និងពលករទាំងឡាយ ដើម្បីធ្វើកិច្ចខិតខំប្រឹងប្រែង ជុំវិញភារកិច្ចស្នូលរបស់បក្ស ដើម្បីធ្វើឱ្យផែនការគោល ស្តីពីការស្តារភាពរុងរឿង ដ៏អស្ចារ្យរបស់ប្រជាជាតិចិនឡើងវិញ ក្លាយជាការពិតជាក់ស្តែង ។
លោក Xi Jinping បានលើកឡើងថា ក្នុងរយៈពេល១០០ឆ្នាំ តាំងពីបង្កើតសហព័ន្ធសហជីពទូទាំងប្រទេសចិនមក ក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្តចិន សហជីពគ្រប់ជាន់ថ្នាក់បានរួមសាមគ្គីនិងលើកទឹកចិត្តឱ្យវណ្ណៈកម្មកររបស់ប្រទេសចិន ដើរតាមជំហានរបស់បក្ស និងដើរនៅជួរមុខក្នុងយុគសម័យ ដែលបានចារទំព័រដ៏អស្ចារ្យ អំពីចលនាពលកររបស់ចិន ។ ឈរនៅទីចាប់ផ្តើមថ្មី នៃប្រវត្តិសាស្ត្រ សហជីពគ្រប់ជាន់ថ្នាក់ ត្រូវអនុវត្តសេចក្តីសម្រេចចិត្ត និងការរៀបចំចាត់ចែងរបស់មជ្ឈិមបក្ស ដោយគ្រប់ជ្រុងជ្រោយ ដើម្បីជំរុញឱ្យការងារ របស់សហជីពទទួលបានការអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់ ៕
