ព័ត៌មានអន្តរជាតិ

ទីប្រឹក្សារបស់លោក Trump ចោទអ៊ុយក្រែនថា ជាប្រទេសពុករលួយបំផុត មួយក្នុងពិភពលោក

RT News

បរទេស ៖ ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Michael Waltz បានអំពាវនាវ ឱ្យមានការត្រួតពិនិត្យ ត្រឹមត្រូវ នៃជំនួយហិរញ្ញវត្ថុ ដែលវ៉ាស៊ីនតោន ផ្តល់ដល់ទីក្រុងគៀវ ។ នៅក្នុងបទសម្ភាសន៍កាលពីថ្ងៃច័ន្ទជាមួយ Fox News មន្ត្រីរដ្ឋកំពូលអាមេរិករូបនេះ បានហៅអ៊ុយក្រែនថា ជាប្រទេសពុករលួយបំផុតមួយ នៅក្នុងពិភពលោក។

យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា សភាអាមេរិកបានផ្តល់ទឹកប្រាក់ប្រហែល ១៧៥ ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន ចាប់តាំងពីឆ្នាំ ២០២២ ទោះបីជាផ្នែកសំខាន់ នៃមូលនិធិនោះបានទៅដល់ឧស្សាហកម្មអាមេរិក និងសកម្មភាពរដ្ឋាភិបាល ដែលទាក់ទងនឹងជម្លោះក៏ដោយ ។

ការអត្ថាធិប្បាយរបស់លោក Waltz កើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីប្រធានាធិបតីអាមេរិក Donald Trump បានសន្ទនាទល់មុខជាមួយលោក Vladimir Zelensky របស់ប្រទេសអ៊ុយក្រែន នៅខាងក្រៅពិធីបុណ្យសពរបស់សម្តេច Pope Francis នៅបុរី Vatican។

លោក Waltz បាននិយាយថា “ខ្ញុំនឹងនិយាយថា អ៊ុយក្រែនគឺជាប្រទេសមួយក្នុងចំណោមប្រទេស ពុករលួយបំផុតនៅក្នុងពិភពលោក” ដោយបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោនត្រូវតែ “ការពារប្រាក់ដុល្លាររបស់អ្នកជាប់ពន្ធជានិច្ច” ។

មន្ត្រីរូបនេះក៏បានស្តីបន្ទោសរដ្ឋបាល របស់អ្នកកាន់តំណែងមុនរបស់លោក Trump ចំពោះការខកខាន របស់ខ្លួនក្នុងការផ្តល់ការ ត្រួតពិនិត្យត្រឹមត្រូវអំពីវិធីដែលរដ្ឋាភិបាលទីក្រុងគៀវ កំពុងចំណាយជំនួយហិរញ្ញវត្ថុ ដែលផ្តល់ដោយសេតវិមាននៅពេលនោះ។

លោកនិយាយថា “យើងត្រូវតែតាមដានយ៉ាងខ្លាំងលើរឿងនោះ […] ប៉ុន្តែទីពីរ យើងត្រូវស្វែងរកឱកាសដើម្បីបញ្ចប់សង្គ្រាម”៕
ប្រែសម្រួលៈ ណៃ តុលា

To Top