បន្ទាប់ពីការផ្ទុះជំងឺ រាតត្បាតសកលកូវីដ-១៩ សេដ្ឋកិច្ចរបស់ពិភពលោក បានរងរបួសយ៉ាងដំណំ ជាពិសេសវិស័យទេស ចរណ៍បាន «រងគ្រោះ»ធ្ងន់ធ្ងរជាងគេ ។ បច្ចុប្បន្ន បើទោះជាឈានចូល «សម័យក្រោយជំងឺឆ្លង»ជាងពីរឆ្នាំហើយក្តី ប៉ុន្តែសេដ្ឋកិច្ចពិភពលោក នៅតែប្រឈមនឹងភាពរង្គោះរង្គើ ដែលបណ្តាលមកពីបម្រែបម្រួល និម្មាបនកម្មពិភពលោក ដែលមិនធ្លាប់ជួបប្រទះក្នុងរយៈពេលមួយរយឆ្នាំ ព្រមទាំងកត្តាគាំពារនិយម និងឯកតោភាគីនិយម ។ ឯនៅក្នុងដំណើរការស្តារសេដ្ឋកិច្ចឡើងវិញ វិស័យទេសចរណ៍បានរួមចំណែកដែលមិនអាចខ្វះបាន ។

ចិនជាប្រទេសមួយ ដែលមានអរិយធម៌ដ៏ចំណាស់និងមានទឹកដីធំទូលាយ ដែលសម្បូរទៅដោយធនធានធម្មជាតិ ទាំងនេះជាកត្តាដ៏មាន អំណោយផលសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ ។ ធនធានទេសចរណ៍ ដ៏វិសេសវិសាល បានត្រូវអភិវឌ្ឍជាផលិតផលទេសចរណ៍ ដែលមានលក្ខណៈពិសេសរបស់ចិន និងរួមបញ្ចូលនូវធាតុផ្សំមួយចំនួនរបស់បរទេស ដែលអាចបំពេញតាមគ្រប់តម្រូវការ របស់ទេសចរជាតិនិងអន្តរជាតិ ។
បន្ទាប់ពីបញ្ចប់ជំងឺឆ្លងសកលកូវីដ-១៩ រដ្ឋាភិបាលចិន បានដាក់ចេញជាបន្តបន្ទាប់ នូវគោលនយោបាយស្តារវិស័យទេសចរណ៍ជាតិនិងអន្តរជាតិ ដែលក្នុងនោះ ការលើកលែងទិដ្ឋាការសម្រាប់អ្នកដំណើរឆ្លងកាត់ប្រទេសចិន ក្នុងរយៈពេល ១០ ថ្ងៃឬ ២៤០ ម៉ោងបានជំរុញឱ្យ «China Travel» ក្លាយជាការពេញ និយមខ្លាំង សម្រាប់ទេសចរអន្តរជាតិ ពិសេសចំពោះអ្នកដំណើរ ដែលមកពីប្រទេសជិតខាង នៃប្រទេសចិន ដែលចំណាយ ពេលតែប៉ុន្មានថ្ងៃ ឬថ្ងៃចុងសប្តាហ៍ក៏អាចទៅដើរកម្សាន្ត នៅប្រទេសចិនបានយ៉ាងងាយស្រួល ។
បើតាមទិន្នន័យរបស់រដ្ឋបាលជាតិអន្តោប្រវេសន៍ចិនឱ្យដឹងថា «នៅត្រីមាសទីមួយឆ្នាំ ២០២៥ នេះ មានជនបរទេសចំនួនជាង ៩,២១ លានបានចូលដែនចិនតាមច្រកចេញ-ចូលទូទាំងប្រទេស ដែលបានកើនឡើងចំនួន ៤០.២% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២៤ ។ ក្នុងចំណោមនោះ អ្នកដំណើរបរទេសដែលចូលដែនចិនដោយមិន បាច់ធ្វើទិដ្ឋាការមានចំនួន ៦,៥៧ លាននាក់ ត្រូវជា ៧១.៣ នៃចំនួនអ្នកដំណើរសរុប ។» តាមរយៈទិន្នន័យនេះយើងអាច មើលឃើញថា វិធានការជំរុញការ អភិវឌ្ឍវិស័យ ទេសចរណ៍ជាតិរបស់ប្រទេសចិន តាមរយៈការលើកលែងទិដ្ឋាការ សម្រាប់ការឆ្លងកាត់ប្រទេសចិន បានរំលេចចេញនូវប្រសិទ្ធភាពយ៉ាងលេចធ្លោ ។
ដូចដែលយើងទាំងអស់គ្នាបានដឹងស្រាប់ហើយថា ប្រទេសចិនជាប្រភពភ្ញៀវទេសចរដ៏ធំបំផុត របស់ប្រទេសជាច្រើនលើពិភពលោក ដែលបានរួមចំណែកមួយភាគធំ ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍របស់ពិភពលោក ។ ក្នុងស្មារតីចែករំលែកកាលានុវត្តភាពអភិវឌ្ឍន៍ជាមួយពិភពលោក ប្រទេសចិនបានដាក់ចេញគោលនយោបាយជាច្រើន ដើម្បីជំរុញលើកទឹកចិត្តឱ្យប្រជាពលរដ្ឋរបស់ខ្លួនចេញទៅធ្វើទេសចរណ៍នៅបរទេស សំដៅរំញោចដល់ទីផ្សារប្រើប្រាស់ និងទីផ្សារទេសចរណ៍សកល ។
តាមសេចក្តីប្រកាស របស់ក្រសួងការបរទេសចិនឱ្យដឹងថា គិតមកទល់បច្ចុប្បន្ននេះ មានប្រទេសចំនួន ២៨ បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងស្តីពីការលើកលែងទិដ្ឋាការ គ្រប់ជ្រុងជ្រោយទៅវិញទៅមកជាមួយប្រទេសចិន ហើយប្រទេសចិនបានលើកលែង ទិដ្ឋាការដោយឯកតោភាគីចំពោះប្រទេសចំនួន ៣៨ និងអនុញ្ញាតឱ្យអ្នកដំណើរមកពីប្រទេសចំនួន ៥៤ អាចឆ្លងកាត់ប្រទេសចិនក្នុងរយៈពេល ២៤០ ម៉ោងដោយមិនបាច់ធ្វើទិដ្ឋាការ ។ ជាពិសេស ប្រទេសចិនក៏បានដាក់ចេញ គោលនយោបាយមួយចំនួនទៀត ដើម្បីជំរុញលើកទឹកចិត្ត ឱ្យប្រជាពលរដ្ឋរបស់ខ្លួនចេញ ទៅធ្វើទេសចរណ៍នៅបរទេស ដូចជាការរៀបចំពិព័រណ៍ទីផ្សារទេសចរណ៍បរទេសជាដើម ដែលមានការចូលរួម ផ្សព្វផ្សាយនូវសក្តានុពលទេសចរណ៍ពីសំណាក់ស្ថាប័នទេសចរណ៍និងទីភ្នាក់ងារ ទេសចរណ៍នៃប្រទេសជាច្រើននៅប្រទេសចិន ដើម្បីកៀរគរទាក់ទាញទេសចរចិន ទៅកាន់ប្រទេសរបស់ពួកគេ ។
បើតាម«របាយការណ៍ប្រចាំឆ្នាំ ២០២៤ ស្តីពីការអភិវឌ្ឍនៃការធ្វើទេសចរណ៍នៅបរទេសរបស់ប្រទេសចិន»ឱ្យដឹងថា ក្នុងឆ្នាំ ២០២៤ ពលរដ្ឋចិនចំនួន ១៤៦ លាននាក់បានចេញទៅធ្វើទេសចរណ៍នៅបរទេស ដែលមានចំនួនជិតស្មើនឹងឆ្នាំ ២០១៩ មុនកើតមានវិបិត្តកូវីដ-១៩ ។ គោលដៅទេសចរណ៍ របស់ពលរដ្ឋចិនកាន់តែមានភាពសម្បូរបែប ពោលគឺមានប្រទេសនិងតំបន់ជាង ២១០ លើពិភពលោកបានក្លាយ ជាគោលដៅទេសចរណ៍ របស់ពលរដ្ឋចិន ។ ក្នុងចំណោមនោះ ប្រទេស ដែលបានលើកលែង ទិដ្ឋាការសម្រាប់ភ្ញៀវ ទេសចរចិនទទួល បានចំនួនភ្ញៀវចិនច្រើនជាងគេ ។ បើតាមស្ថិតិ មានប្រទេសឬតំបន់ចំនួន ២០ ដែលបានទទួលភ្ញៀវទេសចរចិន លើសពីខ្ទង់លាននាក់ក្នុងឆ្នាំ ២០២៤ និងប្រទេសនិងតំបន់ចំនួនលើសពី ៦០ បាន ទទួលភ្ញៀវទេសចរចិនលើសពីខ្ទង់សែននាក់ ដែលធ្វើឱ្យប្រទេសចិន ក្លាយជាទីផ្សារទេសចរណ៍ ក្រៅប្រទេសដ៏ធំបំផុតរបស់អាស៊ី ដែលស្មើនឹង ៣០% នៃចំនួនសរុប នៃអ្នកធ្វើទេសចរណ៍នៅក្រៅប្រទេស ។
ដោយឡែកសម្រាប់ប្រទេសកម្ពុជាវិញ មុនពេលផ្ទុះវិបត្តិ ជំងឺឆ្លងសកល ប្រទេសចិនបានក្លាយជាប្រភពភ្ញៀវ ទេសចរធំបំផុត របស់កម្ពុជាក្នុងរយៈពេលជាច្រើន ឆ្នាំជាប់ៗគ្នា ។ បច្ចុប្បន្ន បើទោះបីជាចំនួនភ្ញៀវទេសចរចិន ចូលកម្សាន្តនៅកម្ពុជា នៅមិនទាន់វិលទៅរកសភាព ដូចមុនវិបត្តិកូវីដ-១៩ ក្តី ប៉ុន្តែបានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ។ បើតាមលោកស្រី ហ៊ុន ដានី អ្នកនាំពាក្យក្រសួងទេសចរណ៍កម្ពុជា ប្រទេសចិនមានប្រជាជនច្រើន នាំឱ្យប្រទេសចិនក្លាយជាទីផ្សារធំបំផុត សម្រាប់កម្ពុជា ក៏ដូចជាពិភពលោកដែរ ហើយកម្ពុជារំពឹងថា ឆ្នាំ ២០២៥ នេះ នឹងទទួលបានភ្ញៀវ ទេសចរចិនជាង ១ លាននាក់ ។
អ្វីដែលគួររំលឹកគឺថា ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរកម្ពុជានិងចិនបានសន្មតយកឆ្នាំ ២០២៥ ជា«ឆ្នាំទេសចរណ៍កម្ពុជា-ចិន» ។ ជឿជាក់ថា តាមរយៈគោលនយោបាយជំរុញលើកទឹកចិត្តនិងកិច្ចសហប្រតិបត្តិការដ៏ស្អិតល្មួតរវាងភាគីទាំងពីរ កំណើនភ្ញៀវទេសចរចិននៅកម្ពុជាក្នុងឆ្នាំ ២០២៥ នេះមុខជានឹងលើសពីការរំពឹងទុក ហើយនឹងកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដែលនឹងបន្តរួមចំណែកសំខាន់សម្រាប់ការស្តារវិស័យទេសចរណ៍និងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាជាក់ជាមិនខាន ។
មិនថា«China Travel»ឬ«World Travel»ក្តី គោលនយោបាយជំរុញការប្រើប្រាស់ខាងវិស័យទេសចរណ៍របស់ចិនមិនត្រឹមតែរួមចំណែកក្នុងការស្តារសេដ្ឋកិច្ចជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏បានរួមចំណែកសំខាន់សម្រាប់ជំរុញកំណើនសកលក្នុងបរិបទដែលសេដ្ឋកិច្ចពិភពលោកមានសន្ទុះងើបឡើងយឺតផងដែរ ។ វិបុលភាពនៃទីផ្សារទេសចរណ៍មិនត្រឹមតែផ្តល់នូវផលិតផលវប្បធម៌និងកម្សាន្តដ៏សម្បូរបែបជូនអ្នកផងទាំងពួងប៉ុណ្ណោះទេ ប៉ុន្តែក៏បានបំពេញបន្ថែមកម្លាំងចលករដែលមិនអាចខ្វះបានសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចសកលផងដែរ ៕ អត្ថបទដោយ ៖ លោក តាំង ស៊ីឡេង , បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន
