វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា លោកជឿជាក់ថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បើកទូលាយក្នុងការធ្វើកិច្ចព្រមព្រៀងលើបញ្ហាអ៊ុយក្រែន និងងាយស្រួលចរចាជាមួយជាងប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី។
លោក ត្រាំ បានឲ្យដឹងនៅក្នុងបទសម្ភាសន៍មួយថា “នៅពេលដែលលោក ហ្សេឡិនស្គី ស្ថិតនៅក្នុងការិយាល័យ Oval ខ្ញុំកំពុងនិយាយអំពីការធ្វើវា ពោលគឺការស្វែងរកការបញ្ចប់សង្គ្រាម ហើយលោកហ្សេឡិនស្គីចាប់ផ្តើមស្រែកថា “ប៉ុន្តែយើងត្រូវការសន្តិសុខ” មានន័យថាសុវត្ថិភាព ខ្ញុំបាននិយាយថា “សុវត្ថិភាព”? ខ្ញុំមិនដឹងថាតើយើងអាចសម្រេចបានកិច្ចព្រមព្រៀងនេះបានឬយ៉ាងណាទេ”។
ប្រធានាធិបតីអាមេរិកក៏បានឲ្យដឹងដែរថា លោកមិនប្រាកដថា «តើយើងអាចសម្រេចកិច្ចព្រមព្រៀងនេះបានឬអត់នោះទេ» លោក ត្រាំ បានលើកឡើងថា “លោក ហ្សេឡិនស្គី ស្នើសុំកាន់តែច្រើន កាន់តែច្រើនឡើងៗ ហើយលោកមិនមានសន្លឹកបៀលេងទៀតទេ។ លោកមិនមានសន្លឹកបៀក្នុងដៃទេ ដូច្នេះសង្ឃឹមថា លោកនឹងធ្វើវាបាន” ។ លោក ត្រាំ បានចង្អុលបង្ហាញថា លោកជឿថា ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន នឹងមិនចាត់វិធានការណាមួយឆ្ពោះទៅរកការដោះស្រាយជម្លោះនោះទេ ប្រសិនបើលោកនឹងមិនត្រលប់មកការិយាល័យ Oval វិញនោះ។
លោក ត្រាំ ធ្លាប់បាននិយាយថា លោកមានពេលកំណត់ ដើម្បីដោះស្រាយជម្លោះក្នុងប្រទេសអ៊ុយក្រែន ប៉ុន្តែមិនបានបង្ហាញវាទេ។ កាលពីសប្តាហ៍មុន លោកបានរិះគន់លោក ហ្សេឡិនស្គី ដោយនិយាយថា សេចក្តីថ្លែងការណ៍របស់លោក ស្តីពីឧបទ្វីបគ្រីមៀ កំពុងធ្វើឲ្យប៉ះពាល់ដល់កិច្ចចរចាសន្តិភាពជាមួយរុស្ស៊ី។ លោក ត្រាំ ជឿជាក់ថាស្ថានភាពនៅអ៊ុយក្រែន គឺធ្ងន់ធ្ងរ ហើយលោក ហ្សេឡិនស្គី ត្រូវតែបង្កើតសន្តិភាព ឬបាត់បង់ប្រទេសទាំងមូលក្នុងរយៈពេល ៣ឆ្នាំ។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានឲ្យដឹងផងដែរថា សប្តាហ៍ខាងមុខនឹងមានសារៈសំខាន់ ព្រោះសហរដ្ឋអាមេរិក នឹងត្រូវសម្រេចចិត្តថាតើខ្លួនចង់បន្តដោះស្រាយជម្លោះនៅអ៊ុយក្រែន ឬថាតើវាដល់ពេលដែលត្រូវផ្តោតលើបញ្ហាផ្សេងទៀតឬយ៉ាងណា៕
ប្រែសម្រួល ឈូក បូរ៉ា
