ព័ត៌មានអន្តរជាតិ

ប្រធានមន្ទីរបញ្ចោណ ផ្ញើសារប្រាប់អ៊ីរ៉ង់ថា អ្នកដឹងយ៉ាងច្បាស់ ពីសមត្ថភាព របស់យោធាអាមេរិកហើយ

xinhua

បរទេស៖ រដ្ឋមន្ត្រីការពារជាតិ អាមេរិក លោក Pete Hegseth បានស្តីបន្ទោសអ៊ីរ៉ង់ ចំពោះការបំពាក់អាវុធ ដល់ក្រុមយុទ្ធជន ហួធី នៅក្នុងប្រទេសយេម៉ែន ដោយព្រមានថា ទីក្រុងតេហេរ៉ង់នឹងប្រឈម មុខនឹងផលវិបាក ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចាប់ផ្តើមយុទ្ធនាការ វាយប្រហារ តាមផ្លូវអាកាស និង កងទ័ពជើងទឹកទ្រង់ទ្រាយធំ ប្រឆាំងនឹងក្រុមហ៊ូធី ក្នុងខែមីនា ជាមួយនឹងគោលដៅ ដែលបានប្រកាស ដើម្បីការពារការដឹកជញ្ជូន ទំនិញនៅក្នុងសមុទ្រក្រហម។ ក្រុមដែលទីក្រុងវ៉ាស៊ីនតោន ពណ៌នាថា “គាំទ្រដោយអ៊ីរ៉ង់” បាននិងកំពុងកំណត់គោលដៅ លើនាវាពាណិជ្ជកម្ម នៅឆ្នេរសមុទ្រយេម៉ែន ដែលជាផ្នែកមួយ នៃយុទ្ធសាស្រ្ត របស់ខ្លួនក្នុងការដាក់ សម្ពាធលើអ៊ីស្រាអែល លើប្រតិបត្តិការយោធារបស់ខ្លួន នៅក្នុងតំបន់ហ្គាហ្សា។

លោក Hegseth បាននិយាយទៅកាន់ទីក្រុង តេហេរ៉ង់ នៅក្នុងសារមួយនៅលើ X កាលពីថ្ងៃព្រហស្បតិ៍ដោយនិយាយថា “យើងឃើញការគាំទ្រដ៏ខ្លាំងក្លារបស់អ្នកចំពោះពួក Houthi ។ យើងដឹងច្បាស់ពីអ្វីដែលអ្នកកំពុងធ្វើ” ។

លោកបានសរសេរថា “អ្នកដឹងយ៉ាងច្បាស់ពីសមត្ថភាព របស់យោធាអាមេរិក ហើយអ្នកត្រូវបានព្រមាន៕
ប្រែប្រួលៈ ណៃ តុលា

To Top