ហ្គាហ្សា ៖ មេដឹកនាំជាន់ខ្ពស់ក្រុមហាម៉ាស់ លោក Abdul Rahman Shadid បានបញ្ជាក់ថា ចលនានេះ បានបង្ហាញដល់អ្នកសម្រុះសម្រួល សំណើសម្រាប់កិច្ចព្រមព្រៀងសន្តិភាពតំបន់ ហ្គាហ្សាដ៏ទូលំទូលាយ ដែលរួមមានបទឈប់បាញ់ រយៈពេល ៥ឆ្នាំ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Shadid បានឲ្យដឹងថា ចលនានេះបានបង្ហាញ សំណើកាលពីថ្ងៃទី១៧ ខែមេសា ដោយអំពាវនាវ ឱ្យមានកិច្ចព្រមព្រៀង ទូលំទូលាយ ដែលរួមមានការបញ្ឈប់ ជាអចិន្ត្រៃយ៍នៃ “ការឈ្លានពាន” របស់អ៊ីស្រាអែល ការដកទ័ពអ៊ីស្រាអែល ទាំងស្រុងចេញពីតំបន់ហ្គាហ្សា ការដកការបិទផ្លូវរបស់អ៊ីស្រាអែល ការផ្តល់ជំនួយ និងការសង្គ្រោះទៅកាន់តំបន់ហ្គាហ្សា និងការកសាងឡើងវិញនូវតំបន់នោះ ។
លោក Shadid បានលើកឡើងថា សំណើនេះរួមបញ្ចូលទាំង កិច្ចព្រមព្រៀង ដែលនាំទៅដល់ការដោះលែង ចំណាប់ខ្មាំងទាំងអស់នៅតំបន់ហ្គាហ្សា ក្នុងពេលតែមួយ ជាថ្នូរនឹងចំនួនអ្នកទោសប៉ាឡេស្ទីន ដែលបានព្រមព្រៀងគ្នា រួមជាមួយនឹងបទឈប់បាញ់ ដែលបន្តរយៈពេល ៥ឆ្នាំ ជាមួយនឹងការធានាក្នុងតំបន់ និងអន្តរជាតិ និងការបង្កើតគណៈកម្មាធិការឯករាជ្យមួយ ដើម្បីគ្រប់គ្រងតំបន់ហ្គាហ្សា។
លោកបានបន្ដថា គណៈកម្មាធិការដែលបានស្នើឡើងដើម្បីគ្រប់គ្រងតំបន់ហ្គាហ្សាក្រោយសង្គ្រាមនឹងមានអ្នកបច្ចេកទេសឯករាជ្យ ដែលមានអំណាច និងភារកិច្ចពេញលេញ ស្រប តាមសំណើរបស់អេហ្ស៊ីបសម្រាប់គណៈកម្មាធិការគាំទ្រសហគមន៍ ដើម្បីគ្រប់គ្រងកិច្ចការហ្គាហ្សា ដោយគ្មានការជ្រៀតជ្រែកផ្នែកនយោបាយ ដោយផ្ទាល់ និងធានាសន្តិសុខ និងសេវាកម្មសម្រាប់ប៉ាឡេស្ទីនក្នុងអំឡុងពេលដ៏សំខាន់។
ទោះបីជាយ៉ាងណា ក៏ដោយ លោក Shadid បានបន្ថែមថា រដ្ឋាភិបាលអ៊ីស្រាអែល “បានច្រានចោលចក្ខុវិស័យរបស់ចលនា ដោយទទូចលើការ បែងចែកបញ្ហា ហើយបដិសេធមិនប្តេជ្ញាបញ្ចប់សង្រ្គាម ដោយប្រកាន់ខ្ជាប់នូវគោលនយោបាយ នៃការសម្លាប់ ការអត់ឃ្លាន និងការបំផ្លិចបំផ្លាញ សូម្បីតែការចំណាយលើជីវិត របស់អ្នកទោសកងទ័ពរបស់ខ្លួន ដែលត្រូវបានឃុំខ្លួននៅតំបន់ហ្គាហ្សាក៏ដោយ៕
ប្រែសម្រួល ឈូក បូរ៉ា
