ព័ត៌មានអន្តរជាតិ

ឥណ្ឌាប្រកាសរៀបចំ ធ្វើសមយុទ្ធយោធាដើម្បី ការពារជនស៊ីវិលជាលើកដំបូង មិនធ្លាប់ឃើញក្នងរយៈពេល ប៉ុន្មានទសវត្សចុងក្រោយ

xinhua

បរទេស៖ក្រសួងមហាផ្ទៃឥណ្ឌាបានប្រកាសកាលពីថ្ងៃចន្ទ ម្សិលមិញថា ឥណ្ឌាបានបញ្ជាឱ្យរដ្ឋមួយចំនួនធ្វើសមយុទ្ធសន្តិសុខនៅថ្ងៃទី៧ខែឧសភា ដើម្បីធានាឱ្យមានប្រសិទ្ធភាពការពារជនស៊ីវិលក្នុងករណីមានការវាយប្រហារណាមួយ។

គេសង្កេតឃើញថាសមយុទ្ធយោធាដែលពុំធ្លាប់ឃើញមាននេះ កើតឡើងចំពេលមានភាពតានតឹងរវាងឥណ្ឌា និងប៉ាគីស្ថាន បន្ទាប់ពីការវាយប្រហារភេរវកម្មខែមេសានៅតំបន់កាស្មៀរ ដែលបានសម្លាប់មនុស្សជាច្រើននាក់នោះរួចមក។

យោងតាមរបាយការណ៍បានឱ្យដឹងថា វិធានការណ៍នេះរួមមានការប្រើប្រាស់ស៊ីរ៉ែនព្រមានការវាយឆ្មក់តាមអាកាស ការបណ្តុះបណ្តាលជនស៊ីវិល និងនិស្សិតស្តីពីពិធីសារការពារជនស៊ីវិល និងការអនុវត្តនីតិវិធីដាច់ភ្លើងអគ្គិសនីជាដើមផង។

រដ្ឋនានាក៏ត្រូវបានស្នើសុំឱ្យលាក់បាំងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងការដំឡើងជាមួយនឹងឧបករណ៍ដើម្បីក្លែងបន្លំ និងដើម្បីហាត់សមផែនការជម្លៀសខ្លួនឡើងវិញសម្រាប់ការឆ្លើយតបបន្ទាន់រហ័ស និងសម្របសម្រួលដែរ។
គួរឲ្យដឹងដែរថាសមយុទ្ធបែបនេះ ត្រូវបានប្រារព្ធឡើងនៅក្នុងប្រទេសឥណ្ឌាជាលើក ដំបូងចាប់តាំងពីឆ្នាំ១៩៧១មកម្ល៉េះនៅពេលដែលពួកគេត្រូវបាន ណែនាំចំពេលមានការតស៊ូដើម្បីឯករាជ្យរបស់បង់ក្លាដែស។

រំលឹកដែរថាកាលពីសប្តាហ៍មុន នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi បានផ្តល់សិទ្ធឱ្យកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសនូវសេរីភាពក្នុងប្រតិបត្តិការពេញលេញ ដើម្បីកំណត់របៀប ដាក់គោលដៅ និងពេលវេលានៃការឆ្លើយតបរបស់ឥណ្ឌាចំពោះ ហេតុការណ៍នៃការវាយប្រហារដែលបានឆក់យកជីវិតជនស៊ីវិល២៦នាក់ កាលពីខែមេសាកន្លងមក៕

ប្រែសម្រួល៖ស៊ុនលី

To Top