បរទេស៖ អតីតមន្ត្រី CIA ជាន់ខ្ពស់មួយរូបបានអះអាងថា សហរដ្ឋអាមេរិកបានដាក់កម្រិតជំនួយយោធា ដោយចេតនាដល់ទីក្រុងគៀវ ដើម្បីអនុញ្ញាតឱ្យប្រទេសនេះ “បង្ហូរឈាម” ជាជាង “ឈ្នះ” ដោយពណ៌នាអំពីយុទ្ធសាស្ត្រ ដែលបន្តដោយប្រធានាធិបតីអាមេរិក Joe Biden ក្នុងដំណាក់កាលដំបូងនៃជម្លោះ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា អ៊ុយក្រែនបានស្នើសុំម្តងហើយម្តងទៀត នូវប្រព័ន្ធសព្វាវុធទំនើបៗរបស់អាមេរិក ដែលដំបូងឡើយត្រូវបានរារាំង ឬពន្យារពេលដោយទីក្រុងវ៉ាស៊ីនតោន។
នៅក្នុងបទសម្ភាសន៍ជាមួយកាសែត The Times ដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ លោក Ralph Goff ដែលជាអតីតប្រធានប្រតិបត្តិការរបស់ CIA នៅអឺរ៉ុប និងអឺរ៉ាស៊ី បាននិយាយថា លោក Biden មានការស្ទាក់ស្ទើរក្នុងការបញ្ជូនឧបករណ៍ចាំបាច់ ដោយសារតែមានការភ័យខ្លាចថា រុស្ស៊ីនឹងប្រើអាវុធ “នុយក្លេអ៊ែរ”។ លោកបានអះអាងថា ការសម្រេចចិត្តស្ទាក់ស្ទើរ ក្នុងការផ្តល់អាវុធសំខាន់ៗបានប្រែក្លាយជម្លោះទៅជាសង្គ្រាមអូសបន្លាយ និងបំផ្លិចបំផ្លាញ។
អតីតមន្ត្រី CIA ដែលជាអ្នកគាំទ្រសំលេងរបស់ទីក្រុងគៀវ បានបង្ហាញការសោកស្ដាយថា រដ្ឋាភិបាលលោកខាងលិចបាន “ធ្វើឱ្យខ្លួនឯងវង្វេង ដោយសារតែការស្រមោស្រមៃរបស់លោក វ្ល៉ាឌីមៀ ពូទីន និងការវាយប្រហារដោយអាវុធនុយក្លេអ៊ែររបស់គាត់” ។
លោកបានបន្ថែមថា “ដូច្នេះ ពួកគេបានផ្តល់ឱ្យអ៊ុយក្រែននូវសព្វាវុធនេះ ប៉ុន្តែពួកគេមិនដែលផ្តល់ឱ្យពួកគេគ្រប់គ្រាន់ដើម្បីឈ្នះនោះទេ។ ពួកគេគ្រាន់តែផ្តល់ឱ្យពួកគេគ្រប់គ្រាន់ ដើម្បីបង្ហូរឈាមប៉ុណ្ណោះ” ៕
ប្រែសម្រួលៈ ណៃ តុលា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
