តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បានឲ្យដឹងថា អ៊ីរ៉ង់ នឹងមិនស្វែងរកការធ្វើយោធា លើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនឡើយ។ លោកបានធ្វើការកត់ សម្គាល់នៅក្នុងសន្និសីទសារព័ត៌មាន ប្រចាំសប្តាហ៍ថា “ប្រសិនបើភាគីអាមេរិក មានភាពស្មោះត្រង់ ចំពោះសំណើរបស់ខ្លួន ដែលថាសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ មិនគួរមានគ្រាប់បែកនុយក្លេអ៊ែរទេ នោះបញ្ហាជាច្រើននឹងត្រូវបានដោះស្រាយ” ។
លោក Baghaei បានលើកឡើងថា “នេះគឺដោយសារតែយើង បានប្រកាសយ៉ាងច្បាស់ និងបង្ហាញឱ្យឃើញ នៅក្នុងការអនុវត្តរួចហើយថា យើងមិនមានវិធីណាមួយក្នុងការ ស្វែងរកការធ្វើយោធាលើកម្មវិធីនុយក្លេអ៊ែររបស់យើង ហើយនឹងមិនស្វែងរកការធ្វើដូច្នេះទេ” នេះបើយោងតាការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។
ដោយអត្ថាធិប្បាយលើការដាក់ទណ្ឌកម្មថ្មីៗរបស់សហរដ្ឋអាមេរិកលើអ៊ីរ៉ង់ និងការចរចា ដែលកំពុងបន្តរវាងប្រទេសទាំងពីរ អ្នកនាំពាក្យបានឲ្យដឹងថា សារផ្ទុយគ្នា ដែលផ្ញើដោយមន្ត្រីអាមេរិក នឹងមិនប៉ះពាល់ដល់ការប្តេជ្ញាចិត្ត របស់អ៊ីរ៉ង់ក្នុងការទទូចលើគោលជំហរ របស់ខ្លួនឡើយ ។ លោកបានបន្ដថា ជំហររបស់អ៊ីរ៉ង់ ទាក់ទងនឹងសិទ្ធិរបស់ខ្លួន ក្នុងការប្រើប្រាស់ថាមពលនុយក្លេអ៊ែរដោយសន្តិវិធី គឺជាការកំណត់មួយ និងផ្អែកលើច្បាប់អន្តរជាតិ។
លោកបានកត់សម្គាល់ថា អ៊ីរ៉ង់បានត្រៀមខ្លួនរួចជាស្រេចដើម្បីចូល និងបន្តផ្លូវការទូតដែលមានមូលដ្ឋានលើកិច្ចសន្ទនា ដើម្បីដោះស្រាយបញ្ហាពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន និងការដកទណ្ឌកម្ម របស់សហរដ្ឋអាមេរិក។ រហូតមកដល់ពេលនេះ គណៈប្រតិភូរបស់អ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានធ្វើការចរចាដោយប្រយោលចំនួនបីជុំ ជាមួយនឹងការសម្រុះសម្រួលពីប្រទេសអូម៉ង់។ ជុំទី ១ និងទី ៣ ត្រូវបានធ្វើឡើងនៅរដ្ឋធានី Muscat របស់អូមង់ នៅថ្ងៃទី១២ ខែមេសា និងថ្ងៃទី ២៦ ខែមេសា ជាមួយនឹងជុំទីពីរនៅទីក្រុងរ៉ូម នៅថ្ងៃទី១៩ ខែមេសា៕
ប្រែសម្រួល ឈូក បូរ៉ា
