ព័ត៌មានអន្តរជាតិ

ហេតុអ្វីបានជាថៃ បង្កើនវត្តមានយោធានៅព្រំដែនថៃ – ឡាវ ?

BBC News

បរទេស៖ យោងតាមរដ្ឋាភិបាលខេត្តឈៀងរ៉ៃ ភាគខាងជើងប្រទេសថៃ បានឱ្យដឹងថា មូលដ្ឋានយោធាឡាវមួយត្រូវបានរងការវាយប្រហារ ដោយមានគ្រាប់កាំភ្លើងធ្លាក់ពីលើដំបូលពីភាគីថៃ កាលពីថ្ងៃទី៣ ឧសភា ដែលជំរុញឱ្យប្រទេសថៃបង្កើនកងទ័ពរបស់ខ្លួននៅតាមព្រំដែនរវាងប្រទេសទាំងពីរ។

យោងតាមសារព័ត៌មាន BBC ជាភាសាវៀតណាម ចេញផ្សាយកាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងដោយផ្អែកតាមអាជ្ញាធរថៃ ដែលបាននិយាយថា ការបាញ់ប្រហារនេះ គឺចេញពីតំបន់ Ban Phu Pha Mon តាមដងទន្លេមេគង្គ ក្នុងស្រុក Paktha ខេត្ត Bokeo ប្រទេសឡាវ។

ការិយាល័យទំនាក់ទំនងសាធារណៈខេត្តឈៀងរ៉ៃ បាននិយាយកាលពីថ្ងៃទី ៥ ឧសភាថា “ការបាញ់ប្រហារ បានបន្តលឺពីទីតាំងផ្សេងៗ… ចំណុចបាញ់ប្រហារត្រូវបានគេប៉ាន់ស្មានថា មានចម្ងាយប្រហែល ២ គីឡូម៉ែត្រ ឬឆ្ងាយជាងនេះពីព្រំដែនថៃ ដោយបង្ខំឱ្យទាហានថៃ Pha Muang ដាក់ពង្រាយឆ្មាំយ៉ាងតឹងរ៉ឹងនៅតាមព្រំដែន” ។

បន្ទាប់ពីឮស្នូរគ្រាប់កាំភ្លើងជាបន្តបន្ទាប់លើទឹកដីឡាវ ទល់មុខស្រុក Wiang Kaen ខេត្តឈៀងរ៉ៃ ប្រទេសថៃ កាលពីថ្ងៃទី៤ ខែឧសភា ឧត្តមសេនីយ៍ឯក Kidakorn Chanthra មេបញ្ជាការកម្លាំង Pha Muang – កម្លាំងការពារព្រំដែន បានចាត់ឲ្យលោកវរសេនីយ៍ឯក Pairat Srichaiwan មេបញ្ជាការអង្គភាពប្រតិបត្តិការពិសេសនៃកងវរសេនាធំការពារព្រំដែនលេខ៣១ ចុះត្រួតពិនិត្យស្ថានភាពនៅព្រំដែនថៃ-ឡាវ នៅក្រុង Wiang ។

កាលពីថ្ងៃទី៦ ខែឧសភា កាសែត Laotian Times របស់ឡាវ ដោយដកស្រង់សេចក្តីរាយការណ៍ផ្លូវការពីយោធាឡាវ បាននិយាយថា ស្នូរកាំភ្លើង មកពីអង្គភាពល្បាតព្រំដែនឡាវ ក្បែរព្រំដែនឡាវ-ថៃ ដែលត្រូវបានវាយឆ្មក់ដោយក្រុមជួញដូរគ្រឿងញៀនប្រដាប់អាវុធយ៉ាងសន្ធឹកសន្ធាប់ ក្នុងប្រតិបត្តិការទន្លេនៅម៉ោងប្រហែល ៤ រសៀល នៅថ្ងៃទី៣ ឧសភា។

ប្រតិបត្តិការនេះកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីអាជ្ញាធរឡាវបានរឹបអូសថ្នាំញៀនមេតំហ្វេតាមីនចំនួន ២០ លានគ្រាប់ ដែលជាការរឹបអូសគ្រឿងញៀនដ៏ធំបំផុតមួយនៅក្នុងតំបន់ក្នុងឆ្នាំនេះ។

ការវាយប្រហារដោយកាំភ្លើងបានធ្វើឱ្យទាហានឡាវយ៉ាងហោចណាស់ពីរនាក់បានស្លាប់ និងជាច្រើននាក់ទៀតរងរបួស។ យោងតាមកាសែត Laotian Times បានឱ្យដឹងថា អាជ្ញាធរឡាវបាននិយាយថា ជនសង្ស័យចំនួន ៤ នាក់ត្រូវបានចាប់ខ្លួន ហើយកិច្ចខិតខំប្រឹងប្រែងដើម្បីតាមចាប់មេខ្លោងនៃបណ្តាញជួញដូរគ្រឿងញៀន កំពុងដំណើរការ។

ប្រទេសថៃបាននិយាយថា ពួកគេបានរកឃើញគ្រាប់កាំភ្លើង ៧,៦២ មីលីម៉ែត្រ ដែលគេជឿថាបានមកពីការបាញ់ប្រហារដែលបានទម្លុះដំបូលផ្ទះមួយនៅភូមិ Ban Rom Fah Pha Mon ខាងភាគីថៃ៕

ប្រែសម្រួលៈ ណៃ តុលា

To Top