បរទេស៖ ក្រុមមន្ត្រីបាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ប្រព័ន្ធការពារដែនអាកាសរបស់ប្រទេសប៉ាគីស្ថានបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកឥណ្ឌាជាច្រើនគ្រឿងនៅពេលយប់ ខណៈដែលយន្តហោះគ្មានមនុស្សបើកមួយគ្រឿង បានវាយប្រហារគោលដៅយោធាមួយនៅជិតទីក្រុង Lahore ភាគខាងកើត បណ្តាលឱ្យមានការខូចខាត និងបណ្តាលឱ្យទាហានរងរបួស។
យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា ការបាញ់ទម្លាក់នេះបានកើតឡើងបន្ទាប់ពីការវាយប្រហារដោយមីស៊ីលរបស់ឥណ្ឌាទៅលើទីតាំងប៉ាគីស្ថាន ដែលបានសម្លាប់ជនស៊ីវិល ៣១នាក់កាលពីមួយថ្ងៃមុននេះ ដែលអ្នកស្លាប់ រួមទាំងស្ត្រី និងកុមារផងដែរ។
ទន្ទឹមនឹងនេះ ឥណ្ឌាបានជម្លៀសមនុស្សរាប់ពាន់នាក់ចេញពីភូមិនានានៅជិតព្រំដែនដែលមានយោធារបស់ប្រទេសទាំងពីរនៅក្នុងតំបន់ជម្លោះកាស្មៀរ។
ភាពតានតឹងរវាងប្រទេសទាំងពីរបានកើនឡើងចាប់តាំងពីថ្ងៃទី២២ ខែមេសា នៅពេលដែលខ្មាន់កាំភ្លើងបានសម្លាប់មនុស្សចំនួន ២៦ នាក់ ដែលភាគច្រើនជាភ្ញៀវទេសចរហិណ្ឌូឥណ្ឌា នៅតំបន់កាស្មៀរដែលគ្រប់គ្រងដោយប្រទេសឥណ្ឌា។ ឥណ្ឌាបានចោទប៉ាគីស្ថានថា បានគាំទ្រក្រុមសកម្មប្រយុទ្ធដែលបានធ្វើការវាយប្រហារនេះជាអ្វីដែលទីក្រុងអ៊ីស្លាម៉ាបាតបានបដិសេធ។
អ្នកនាំពាក្យកងទ័ពប៉ាគីស្ថាន លោកឧត្តមសេនីយ Ahmad Sharif បាននិយាយថា យន្តហោះគ្មានមនុស្សបើករបស់ឥណ្ឌាបានធ្វើឱ្យទាហាន ៤នាក់រងរបួស និងបានបំផ្លាញផ្នែកខ្លះនៃគោលដៅយោធានៅជិតទីក្រុង Lahore នៅពេលយប់ ខណៈដែលប្រព័ន្ធការពារដែនអាកាសរបស់ប្រទេសនេះបានស្ទាក់ចាប់ និងបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកឥណ្ឌាចំនួន ១២ គ្រឿងដែលបានចូលដែនអាកាសប៉ាគីស្ថាននៅទីតាំងផ្សេងៗគ្នា។ លោកមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតអំពីការវាយប្រហារនោះទេ៕
ប្រែសម្រួលៈ ណៃ តុលា
