ក្រុងគែរៈ អ៊ីរ៉ង់ អេហ្ស៊ីប អាល់ហ្សេរី និងតួកគី បានជំរុញឱ្យឥណ្ឌា និង ប៉ាគីស្ថាន អនុវត្តការអត់ធ្មត់ ដើម្បីកាត់បន្ថយភាព តានតឹង ដែលកំពុងកើនឡើង របស់ពួកគេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Esmaeil Baghaei បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការកើនឡើង នៃភាពតានតឹងនាពេលថ្មីៗនេះរវាងឥណ្ឌា និងប៉ាគីស្ថាន ។ លោកបានអះអាងសារជាថ្មី នូវគោលជំហរជាគោលការណ៍របស់អ៊ីរ៉ង់ លើការជៀសវាងការប្រើកម្លាំង ក្នុងទំនាក់ទំនងអន្តរជាតិ និងគោរពអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី។
លោក Baghaei បានជំរុញឱ្យភាគីទាំងពីរ ដែលជាមិត្តដ៏យូរអង្វែងរបស់អ៊ីរ៉ង់ ឱ្យបន្តការបន្ធូរបន្ថយ តាមរយៈការអត់ធ្មត់ និងទប់ស្កាត់តួអង្គខាងក្រៅ ជាពិសេសអ៊ីស្រាអែល ពីការកេងប្រវ័ញ្ចលើស្ថានភាពនេះ ដើម្បីបង្កភាពតានតឹងបន្ថែមទៀត។
ក្រសួងការបរទេសអេហ្ស៊ីប បានសង្កត់ធ្ងន់នៅក្នុងសេចក្តីថ្លែងការណ៍មួយ អំពីសារៈសំខាន់នៃការខិតខំប្រឹងប្រែង ទាំងអស់ដើម្បីសម្រេចបាននូវភាពស្ងប់ស្ងាត់ និងលុបបំបាត់វិបត្តិ ដោយព្រមានប្រឆាំង នឹងការកើនឡើងបន្ថែមទៀត។
អេហ្ស៊ីប អំពាវនាវឱ្យឥណ្ឌា និងប៉ាគីស្ថានអនុវត្តកម្រិតខ្ពស់បំផុត នៃការអត់ធ្មត់ដោយខ្លួនឯង និងជំរុញការសន្ទនាតាមរយៈបណ្តាញការទូត។
ប្រទេសនេះក៏បានបញ្ជាក់សារជាថ្មីអំពីសារៈសំខាន់នៃការងាកទៅរកដំណោះស្រាយដោយសន្តិវិធី ដែលបំពេញសេចក្តីប្រាថ្នា របស់ប្រទេសទាំងពីរ ជំរុញសន្តិភាព និងស្ថិរភាព៕
ប្រែសម្រួល ឈូក បូរ៉ា
