ឡុងដ៍៖ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក David Lammy បានជំរុញឱ្យប្រទេសឥណ្ឌា និងប៉ាគីស្ថាន អនុវត្តការអត់ធ្មត់ និងចូលរួមកិច្ចសន្ទនាដោយផ្ទាល់ ដើម្បីស្វែងរកដំណោះស្រាយ ការទូតឱ្យបានឆាប់រហ័ស។
នៅក្នុងសេចក្តីថ្លែងការណ៍ដែលចេញ ដោយការិយាល័យបរទេស Commonwealth និងការអភិវឌ្ឍន៍ លោក Lammy បានសង្កត់ធ្ងន់លើទំនាក់ទំនងជិតស្និទ្ធ និងពិសេសរបស់ចក្រភពអង់គ្លេស ជាមួយប្រជាជាតិទាំងពីរ។
លោកបានលើកឡើងថា «ខ្ញុំបានបញ្ជាក់ច្បាស់ទៅសមភាគីរបស់ខ្ញុំនៅប្រទេសឥណ្ឌា និងប៉ាគីស្ថានថាប្រសិនបើវាកាន់តែធ្ងន់ធ្ងរទៅទៀត គ្មានអ្នកណាឈ្នះឡើយ” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោក Lammy បានបន្ថែមថា “យើងត្រូវ ការភាគីទាំង អស់ធ្វើការជាបន្ទាន់ ដើម្បីមើលឃើញស្ថិរភាព ក្នុងតំបន់ត្រូវបានស្ដារ ឡើងវិញ និងធានាការការពារជនស៊ីវិល”។
ក្នុងអំឡុងពេលសំណួរ របស់នាយករដ្ឋមន្ត្រី នៅក្នុងសភាកាលពីថ្ងៃពុធ នាយករដ្ឋមន្ត្រីអង់គ្លេសលោក Keir Starmer ក៏បានលើកឡើងអំពីស្ថានភាពនេះផងដែរ ដោយបញ្ជាក់ថា “ការកើនឡើងភាពតានតឹងរវាងឥណ្ឌា និងប៉ាគីស្ថាន នឹងមានការព្រួយបារម្ភយ៉ាងខ្លាំង សម្រាប់មនុស្សជាច្រើន នៅទូទាំងប្រទេសអង់គ្លេស”។
លោកក៏បានកត់សម្គាល់ផងដែរថា ចក្រភពអង់គ្លេសកំពុង ចូលរួមជាបន្ទាន់ជាមួយប្រទេសទាំងពីរ ដើម្បីលើកកម្ពស់កិច្ចសន្ទនា ការបន្ថយការកើនឡើង និងការការពារជនស៊ីវិល៕
ប្រែសម្រួល ឈូក បូរ៉ា
