ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ជំរុញឱ្យឥណ្ឌា និងប៉ាគីស្ថាន ទប់ស្កាត់ការកើនឡើង នូវភាពតានតឹងបន្ថែមទៀត

Xinhua

តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi និងសមភាគីប៉ាគីស្ថាន លោក Mohammad Ishaq Dar  បានពិភាក្សាគ្នាអំពីការអភិវឌ្ឍន៍ សន្តិសុខចុងក្រោយបង្អស់ នៅក្នុងតំបន់អាស៊ីខាងត្បូង ចំពេលមានភាពតានតឹងកាន់តែខ្លាំង ឡើងរវាងឥណ្ឌា និងប៉ាគីស្ថាន ។

នៅក្នុងការសន្ទនាតាមទូរស័ព្ទ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ដែលបានធ្វើដំណើរទៅកាន់ទីក្រុងញូវដេលី ដើម្បីពិគ្រោះយោបល់ជាមួយមន្ត្រីជាន់ខ្ពស់ឥណ្ឌា បានលើកឡើងពីសារៈសំខាន់ នៃកិច្ចខិតខំប្រឹងប្រែងរបស់ឥណ្ឌា និងប៉ាគីស្ថាន ក្នុងការទប់ស្កាត់ការកើនឡើងបន្ថែមទៀត និងកាត់បន្ថយភាពតានតឹង នេះបើយោងតាមសេចក្តីថ្លែងការណ៍ ចេញផ្សាយដោយក្រសួងការបរទេសអ៊ីរ៉ង់។

ចំណែករដ្ឋមន្ត្រីការបរទេសប៉ាគីស្ថានវិញ បានរៀបរាប់លម្អិតអំពីស្ថានភាព ចុងក្រោយបង្អស់ក្នុងតំបន់ ក៏ដូចជាជំហររបស់ប្រទេស របស់លោកអំពីភាពតានតឹង ជាមួយឥណ្ឌា ដោយសង្កត់ធ្ងន់ថា ប៉ាគីស្ថាន មិនស្វែងរកការបង្កើនភាពតានតឹងនោះទេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ភាពតានតឹង រវាងឥណ្ឌា និងប៉ាគីស្ថានបានកើនឡើង បន្ទាប់ពីការវាយប្រហារដ៏សាហាវទៅលើអ្នកទេសចរនៅ Pahalgam ក្នុងតំបន់កាស្មៀ ដែលគ្រប់គ្រងដោយឥណ្ឌាកាលពីថ្ងៃទី ២២ ខែមេសា ក្រោយមកឥណ្ឌាកាលពីយប់ថ្ងៃអង្គារ និងថ្ងៃពុធ បានវាយប្រហារប៉ាគីស្ថាន និងមានការបាញ់តបតវិញដោយប៉ាគីស្ថាន ហើយប៉ាគីស្ថានបានអះអាងថា ខ្លួនបានបាញ់ទម្លាក់យន្តហោះឥណ្ឌាចំនួន ៥ គ្រឿង ដោយបានប្តេជ្ញាថា នឹងសងសឹកបន្ដទៀត៕
ប្រែសម្រួល ឈូក បូរ៉ា

To Top