ព័ត៌មានអន្តរជាតិ

ចិន ប្រកាសគាំទ្រយ៉ាងម៉ឺងម៉ាត់ ចំពោះវេណេស៊ុយអេឡា ក្នុងការការពារអធិបតេយ្យភាព និងស្ថិរភាពសង្គម

xinhua

ប៉េកាំង៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានឲ្យដឹងថា ប្រទេសចិន និងវ៉េណេស៊ុយអេឡា គឺជាដៃគូដ៏ល្អនៃការជឿទុកចិត្តគ្នាទៅវិញទៅមក និងការអភិវឌ្ឍន៍រួមគ្នា ហើយចិន នឹងតែងតែគាំទ្រយ៉ាងម៉ឺងម៉ាត់ចំពោះវេណេស៊ុយអេឡា ក្នុងការការពារអធិបតេយ្យភាព សេចក្តីថ្លៃថ្នូរជាតិ និងស្ថិរភាពសង្គម។

លោក ស៊ី បានធ្វើការកត់សម្គាល់នេះ ខណៈពេលដែលជួបជាមួយប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡា ម៉ាឌូរ៉ូ នៅក្រៅពិធីប្រារព្ធខួបលើកទី៨០ នៃជ័យជំនះក្នុងសង្គ្រាមស្នេហាជាតិដ៏អស្ចារ្យរបស់សហភាពសូវៀត។

ដោយកត់សម្គាល់ថា ប្រទេសចិន និងវេណេស៊ុយអេឡា បានបង្កើតទំនាក់ទំនងមិត្តភាពដ៏រឹងមាំចំពេលមានការផ្លាស់ប្តូរស្ថានភាពអន្តរជាតិ លោក ស៊ី បានឲ្យដឹងថា ចាប់តាំងពីប្រទេសទាំងពីរបានលើកកម្ពស់ទំនាក់ទំនងទ្វេភាគីទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់អាកាសធាតុនៅឆ្នាំ២០២៣ ការផ្លាស់ប្តូរលើគ្រប់វិស័យ និងគ្រប់កម្រិតមានភាពខ្លាំងក្លា ពាណិជ្ជកម្មទ្វេភាគីបានរីកចម្រើនជាបន្តបន្ទាប់ វឌ្ឍនភាពថ្មីត្រូវបានបង្កើតឡើងក្នុងកិច្ចសហប្រតិបត្តិការវិនិយោគ និងការផ្លាស់ប្តូរមិត្តភាពរវាងភាគីទាំងពីរ។

លោក ស៊ី បានលើកឡើងថា ប្រទេសចិនតែងតែមើល និងអភិវឌ្ឍទំនាក់ទំនងជាមួយវេណេស៊ុយអេឡា តាមទស្សនៈយុទ្ធសាស្ត្រ និងរយៈពេលវែង ហើយមានឆន្ទៈក្នុងការបង្កើនការផ្លាស់ប្តូរបទពិសោធន៍អភិបាលកិច្ចជាមួយវេណេហ្ស៊ុយអេឡា បន្តធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការជាក់ស្តែងលើវិស័យផ្សេងៗ និងយកទំនាក់ទំនងទ្វេភាគីទៅកាន់កម្ពស់ថ្មី ដើម្បីផ្តល់ផលប្រយោជន៍កាន់តែប្រសើរឡើងសម្រាប់ប្រជាជនទាំងពីរ។

លោក ស៊ី បានបន្ដថា ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការជាមួយប្រទេសវេណេស៊ុយអេឡា និងបណ្តាប្រទេសនៅអាមេរិកឡាទីនផ្សេងទៀត ដើម្បីរក្សាយ៉ាងរឹងមាំនូវប្រព័ន្ធអន្តរជាតិដែលផ្តោតលើអង្គការសហប្រជាជាតិ និងសណ្តាប់ធ្នាប់អន្តរជាតិដែលគាំទ្រដោយច្បាប់អន្តរជាតិ ព្រមទាំងជំរុញវឌ្ឍនភាពប្រកបដោយស្ថិរភាព និងនិរន្តរភាពក្នុងការកសាងសហគមន៍មួយ ដែលមានអនាគតរួមគ្នារវាងប្រទេសចិន និងអាមេរិកឡាទីន និងការ៉ាប៊ីន៕

ប្រែសម្រួល ឈូក បូរ៉ា

To Top