ព័ត៌មានអន្តរជាតិ

ប៉ាគីស្ថាន បើកកិច្ចប្រជុំបន្ទាន់ ដើម្បីពិភាក្សាអំពីការឆ្លើយតបដោយនុយក្លេអ៊ែរ ចំពោះការវាយប្រហាររបស់ឥណ្ឌា

News arena India

អ៊ីស្លាម៉ាបាដ៖ នាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក Shehbaz Sharif បានកោះប្រជុំជាបន្ទាន់មួយ នៃអាជ្ញាធរជាតិបញ្ជាការនៅព្រឹកថ្ងៃសៅរ៍នេះ ដើម្បីពិភាក្សាអំពីការឆ្លើយតប ដែលអាចកើតមានពាក់ព័ន្ធនឹងមីស៊ីល និងសមត្ថភាពនុយក្លេអ៊ែររបស់ប្រទេសនេះ ចំពេលមានភាពតានតឹងកើនឡើងជាមួយឥណ្ឌា។

អាជ្ញាធរជាតិបញ្ជាការប៉ាគីស្ថាន ដែលដឹកនាំដោយនាយករដ្ឋមន្ត្រី គឺជាស្ថាប័នធ្វើការសម្រេចចិត្តខ្ពស់បំផុតរបស់ប្រទេស ដែលទទួលខុសត្រូវលើការបញ្ជា ការគ្រប់គ្រង និងការត្រួតពិនិត្យកម្មវិធីអាវុធនុយក្លេអ៊ែររបស់ប្រទេសប៉ាគីស្ថាន។  វាក៏មានតួនាទីជាស្ថាប័នបង្កើតគោលនយោបាយចម្បងលើបញ្ហាដែលទាក់ទងនឹងអាវុធប្រល័យលោក និងសន្តិសុខយុទ្ធសាស្ត្រជាតិផងដែរ។

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសបឡាគីស្ថាន លោក Ishaq Dar បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ប្រទេសប៉ាគីស្ថាន បានអនុវត្តការអត់ធ្មត់ជាអតិបរមា ចំពោះមុខការឈ្លានពានរបស់ឥណ្ឌា ដើម្បីរក្សាសន្តិភាពក្នុងតំបន់។ 

ទោះបីជាយ៉ាងណាក៏ដោយ លោកបានលើកឡើងថា ការវាយប្រហារមីស៊ីលរបស់ឥណ្ឌា ទៅលើមូលដ្ឋានទ័ពអាកាសយុទ្ធសាស្ត្ររបស់ប្រទេសប៉ាគីស្ថាន កាលពីព្រឹកថ្ងៃសៅរ៍នេះ បានឆ្លងកាត់ខ្សែបន្ទាត់ក្រហមរួចទៅហើយ។

រដ្ឋមន្រ្តីការបរទេសរូបនេះបានលើកឡើងថា “ការអត់ធ្មត់របស់ប៉ាគីស្ថាន បានឈានដល់ដែនកំណត់” ដោយបន្ថែមថា ប្រទេសនេះមិនមានជម្រើសអ្វីក្រៅពីការតស៊ូតបតវិញនោះទេ។

នៅក្នុងនោះដែរ លោកបានព្រមានថា ប្រសិនបើឥណ្ឌាបន្តការកើនឡើងផ្នែកយោធាបន្ថែមទៀត វាអាចបង្កឱ្យមានជម្លោះនុយក្លេអ៊ែរ ដោយបន្ថែមថាប៉ាគីស្ថាន កំពុងចាត់វិធានការប្រុងប្រយ័ត្នជាមុនតាមរយៈអាជ្ញាធរជាតិបញ្ជាការ ដើម្បីរៀបចំសម្រាប់គ្រប់សេណារីយ៉ូ ដែលអាចកើតមាន៕

ប្រែសម្រួល ឈូក បូរ៉ា

To Top