ព័ត៌មានអន្តរជាតិ

ក្រសួងការបរទេសចិនអំពាវនាវឱ្យឥណ្ឌានិងប៉ាគីស្ថានស្ងប់ចិត្តនិងអត់ធ្មត់ដោយតម្កល់សន្តិភាពនិងស្ថេរភាពជាអាទិភាព

អ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយសំណួររបស់អ្នកសារព័ត៌មានទាក់ទិននឹងការឡើងកម្តៅនៃស្ថានការណ៍រវាងឥណ្ឌា និងប៉ាគីស្ថាន។
អ្នកសារព័ត៌មានបានសួរថា ពេលថ្មីៗនេះ ស្ថានការណ៍រវាងឥណ្ឌា និងប៉ាគីស្ថានកាន់តែតានតឹង ។ ភាគីប៉ាគីស្ថានបានបង្ហាញថា នៅព្រឹកព្រលឹមថ្ងៃទី ១០ ឧសភា ឥណ្ឌាបានធ្វើការវាយប្រហារលើមូលដ្ឋានទ័ពអាកាស Nur Khan របស់ប៉ាគីស្ថានជាដើម ហើយប៉ាគីស្ថាននឹងធ្វើការវាយបកយ៉ាងម៉ឺងម៉ាត់។ នាពេលបច្ចុប្បន្ន ប្រទេសប៉ាគីស្ថានបានចាប់ផ្តើមធ្វើប្រតិបត្តិការយោធាតបតវិញ។ តើភាគីចិនមានការអធិប្បាយយ៉ាងណាចំពោះករណីនេះ?
អ្នកនាំពាក្យបានឆ្លើយថា ប្រទេសចិនកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះស្ថានការណ៍បច្ចុប្បន្នរវាងឥណ្ឌា និងប៉ាគីស្ថាន ហើយមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការឡើងកម្តៅនៃស្ថានការណ៍នេះ។ ភាគីចិនអំពាវនាវឱ្យឥណ្ឌានិងប៉ាគីស្ថានរក្សាចិត្តឱ្យស្ងប់និងមានភាពអត់ធ្មត់ដោយតម្កល់សន្តិភាពនិងស្ថេរភាពជាអាទិភាព ត្រឡប់ទៅរកការដោះស្រាយតាមផ្លូវនយោបាយដោយសន្តិវិធី និងជៀសវាងកុំចាត់វិធានការណាដែលធ្វើឱ្យស្ថានការណ៍ឡើងកម្តៅថែមមួយកម្រិតទៀត ។ នេះគឺសមស្របនឹងផលប្រយោជន៍ជាមូលដ្ឋានរបស់ឥណ្ឌា និងប៉ាគីស្ថាន ក៏ដូចជាមានអំណោយផលដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ ហើយក៏ជាការរំពឹងទុកទូទៅរបស់សហគមន៍អន្តរជាតិផងដែរ។ ចិនមានឆន្ទៈបន្តដើរតួនាទីប្រកបដោយលក្ខណៈស្ថាបនាដើម្បីសម្រេចបានគោលដៅនេះ៕

To Top