ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុនប្រេងយក្សអារ៉ាប៊ីសាអូឌីត Aramco ប្រកាសប្រាក់ចំណេញត្រីមាសទី១ ចំនួន ២៦ ពាន់លានដុល្លារ ធ្លាក់ចុះ ៤,៦ភាគរយ ធៀបនឹងឆ្នាំមុន

xinhua

បរទេស៖ ក្រុមហ៊ុន Aramco ដែលជាក្រុមហ៊ុនប្រេងគ្រប់គ្រង ដោយរដ្ឋរបស់អារ៉ាប៊ីសាអូឌីត កាលពីថ្ងៃអាទិត្យ បានប្រកាសប្រាក់ ចំណេញត្រីមាសទី១ ចំនួន ២៦ ពាន់លានដុល្លារ ធ្លាក់ចុះ ៤.៦ភាគរយ ធៀបនឹងឆ្នាំមុន ដោយសារការធ្លាក់ចុះតម្លៃ ប្រេងពិភពលោកធ្វើឱ្យខូច ដល់ផែនការអភិវឌ្ឍន៍ ដែលមានតម្លៃរាប់ពាន់ លានដុល្លារ របស់ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត។

យោងតាមសារព័ត៌មាន AP ចេញផ្សាយកាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្រុមហ៊ុន Aramco ដែលត្រូវបានគេស្គាល់ជាផ្លូវការថាក្រុមហ៊ុន Saudi Arabian Oil Co. ទទួលបានប្រាក់ចំណូលចំនួន ១០៨,១ ពាន់លានដុល្លារ ក្នុងត្រីមាសនេះ ដោយក្រុមហ៊ុននេះបានរាយការណ៍នៅក្នុងឯកសារមួយនៅលើផ្សារហ៊ុន Tadawul របស់ រីយ៉ាដ ។ ក្រុមហ៊ុនបានឃើញប្រាក់ចំណូលចំនួន ១០៧,២ ពាន់លានដុល្លារ និងប្រាក់ចំណេញចំនួន ២៧,២ ពាន់លានដុល្លារកាលពីត្រីមាសដូចគ្នាកាលពីឆ្នាំមុន។

អារ៉ាប៊ីសាអូឌីតបានសន្យាថានឹងវិនិយោគ ៦០០ ពាន់លានដុល្លារនៅក្នុងសហរដ្ឋអាមេរិកក្នុងអំឡុងពេលនៃអាណត្តិរបស់ប្រធានាធិបតី Donald Trump ។

លោក Trump ដែលគ្រោងនឹង ចុះទៅដល់ទីក្រុង រីយ៉ាដ នៅថ្ងៃអង្គារក្នុងការធ្វើដំណើរ ក្រៅប្រទេសជាផ្លូវការលើកដំបូង របស់លោកចាប់តាំង ពីលោកបានកាន់ កាប់ការិយាល័យ Oval បាននិយាយកាលពីខែមករាថា លោកចង់ឱ្យចំនួននេះ កើនឡើងខ្ពស់ជាងនេះ គឺប្រហែល ១ ពាន់ពាន់លានដុល្លារ។

ទន្ទឹមនឹងនោះ ព្រះអង្គម្ចាស់ Mohammed bin Salman ដែលជាមហាក្សត្រ របស់អារ៉ាប៊ីសាអូឌីត មានគម្រោងសាង សង់ទីក្រុង Neom ដែលជាទីក្រុងដ៏ធំមហិមា និងអនាគតនៅវាលខ្សាច់ តាមបណ្តោយសមុទ្រក្រហម ។ ព្រះរាជាណាចក្រនេះ ក៏នឹងត្រូវការកីឡដ្ឋានថ្មី និងហេដ្ឋារចនាសម្ព័ន្ធ ដែលចំណាយអស់រាប់សិបពាន់ លានដុល្លារនៅឆ្នាំ ២០៣៤ នៅពេល ដែលអារ៉ាប៊ីសាអូឌីត នឹងធ្វើជាម្ចាស់ផ្ទះការ ប្រកួតបាល់ទាត់ពិភពលោក៕
ប្រែសម្រួលៈ ណៃ តុលា

To Top