ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល ព្រមាន​ឲ្យជម្លៀសជន​ស៊ីវិល ចេញពីកំពង់ផែ​នានា ក្នុងប្រទេសយេម៉ែន មុន​ការ​វាយ​ប្រហារ​ទ្រង់ទ្រាយធំ

xinhua

យេរ៉ូសាឡឹម៖ យោធាអ៊ីស្រាអែល បានចេញការព្រមានជាបន្ទាន់មួយ ដោយបានណែនាំដល់ជនស៊ីវិល និងកម្មករទាំងអស់ ឱ្យជម្លៀសខ្លួនចេញពីកំពង់ផែ សមុទ្រក្រហមចំនួនបី ក្នុងប្រទេសយេម៉ែន ដែលគ្រប់គ្រងដោយកងកម្លាំងហ៊ូទី ដោយលើកឡើងពីហានិភ័យ នៃការវាយប្រហារថ្មីមួយដែលអាចកើតមាន។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X អ្នកនាំពាក្យយោធាអ៊ីស្រាអែល លោក Avichay Adraee បានកំណត់អត្តសញ្ញាណកំពង់ផែ ទាំងនោះដូចជាកំពង់ផែ Ras Isa, Hodeidah និង Al-Salif ។

លោកបានលើកឡើងថា “នរណាម្នាក់ដែលមានវត្តមាននៅកំពង់ផែទាំងនេះត្រូវបានជំរុញឱ្យជម្លៀសចេញ ហើយរក្សាភាពច្បាស់លាស់នៃតំបន់នេះ ដើម្បីធានាសុវត្ថិភាពរបស់ពួកគេរហូតដល់មានការជូនដំណឹងបន្ថែម” ។

ការ​ព្រមាន​នេះ​បន្ទាប់​ពី​មាន​ភាព​តានតឹង​កើនឡើង​ក្នុង​តំបន់ និង​ការ​វាយ​ប្រហារ​តាម​អាកាស​របស់​អ៊ីស្រាអែល​ជា​បន្តបន្ទាប់​សំដៅ​លើ​ទីតាំង​នានារបស់ក្រុមប្រដាប់អាវុធហ៊ូទី ក្នុង​ប្រទេស​យេម៉ែន។

កាលពីថ្ងៃព្រហស្បតិ៍ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក Israel Katz បានព្រមានក្រុមហ៊ូទី ថាពួកគេនឹងទទួលរងនូវការវាយប្រហារយ៉ាងធ្ងន់ធ្ងរ ប្រសិនបើពួកគេបន្តការវាយប្រហារ លើអ៊ីស្រាអែល មួយថ្ងៃបន្ទាប់ពីសហរដ្ឋអាមេរិកបានប្រកាសថា ខ្លួននឹងបញ្ឈប់ការវាយប្រហារ របស់ខ្លួនលើគោលដៅ ដែលទាក់ទងនឹងក្រុមហ៊ូទី ក្នុងប្រទេសយេម៉ែន៕
ប្រែសម្រួល ឈូក បូរ៉ា

To Top