បរទេស៖ យោធាមីយ៉ាន់ម៉ា កាលពីថ្ងៃចន្ទបានវាយប្រហារ តាមអាកាសទៅលើសាលារៀន ក្នុងភូមិមួយក្នុងតំបន់ Sagaing ភាគកណ្តាលរបស់ប្រទេសនេះ ដោយបានសម្លាប់សិស្សានុសិស្សដល់ទៅ ២០ នាក់ និងគ្រូបង្រៀនពីរនាក់, នេះបើយោងតាមសមាជិកនៃក្រុមតស៊ូ បុគ្គលិកជំនួយ និងរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ។
យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា ពួកគេបាននិយាយថា ការវាយប្រហារនៅពេលព្រឹកលើភូមិ Ohe Htein Twin ក្នុងស្រុក Tabayin ក្នុងតំបន់ ដែលត្រូវបានគេស្គាល់ថា Depayin ក៏បានធ្វើឱ្យសិស្សជាច្រើននាក់រងរបួសផងដែរ។
ទូរទស្សន៍ MRTV ដែលគ្រប់គ្រងដោយរដ្ឋបានបដិសេធ របាយការណ៍នៃការវាយប្រហារ តាមអាកាសនៅការផ្សាយ ព័ត៌មានកាលពីល្ងាចថ្ងៃចន្ទដោយថា ប្រព័ន្ធផ្សព្វផ្សាយវិទ្ធង្សនាមានចេតនាផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ។
យោធាបានប្រើប្រាស់ការវាយប្រហារតាម អាកាសកាន់តែខ្លាំងឡើង ដើម្បីប្រឆាំងនឹងការតស៊ូ ប្រដាប់អាវុធយ៉ាង ទូលំទូលាយប្រឆាំង នឹងការគ្រប់គ្រងរបស់ខ្លួន ដែលបានចាប់ផ្តើមនៅក្នុងខែកុម្ភៈ ឆ្នាំ ២០២១ នៅពេលដែលយោធា ដណ្តើមអំណាចពីរដ្ឋាភិបាល ជាប់ឆ្នោតរបស់លោកស្រី អ៊ុងសាន ស៊ូជី។ ជនស៊ីវិលជាង ៦.៦០០ នាក់ត្រូវបានប៉ាន់ ប្រមាណថា ត្រូវបានសម្លាប់ ដោយកងកម្លាំងសន្តិសុខចាប់តាំងពីពេលនោះមក នេះបើយោងតាមតួលេខ ដែលចងក្រងដោយអង្គការមិនមែនរដ្ឋាភិបាល។
ចំណែកអគ្គលេខាធិការអង្គការ សហប្រជាជាតិលោក Antonio Guterres បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះរបាយការណ៍នៃការ វាយប្រហារតាមអាកាសទៅលើសាលារៀន នៅក្នុងតំបន់ដែលរងផលប៉ះពាល់ ដោយការរញ្ជួយដីនាពេលថ្មីៗនេះ ។ លោក Stephane Dujarric អ្នកនាំពាក្យរបស់លោកបាននិយាយថា សូម្បីតែក្នុងពេលមានជម្លោះប្រដាប់អាវុធ សាលារៀន ត្រូវតែត្រូវបានការពារ៕
ប្រែសម្រួលៈ ណៃ តុលា
