ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង ចាប់ផ្ដើមយុទ្ធនាការបោះឆ្នោត ប្រជ្រើសរើសធានាធិបតីថ្មី

kyodo

សេអ៊ូល ៖ យុទ្ធនាការផ្លូវការ បានចាប់ផ្តើម នៅក្នុងប្រទេសកូរ៉េខាងត្បូង សម្រាប់ការបោះឆ្នោតនៅខែក្រោយ ដើម្បីជ្រើសរើសអ្នកស្នងតំណែង ពីប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol ដោយមានលោក Lee Jae Myung នៃគណបក្សប្រជាធិបតេយ្យដ៏ធំបំផុត ដែលត្រូវបានគេមើលឃើញថា ជាបេក្ខជននាំមុខគេ ។

ការបោះឆ្នោតនៅថ្ងៃទី ៣ ខែមិថុនា បន្ទាប់ពីការដកតំណែងរបស់លោក Yoon ចេញពីតំណែងដោយសេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញកាលពីខែមុន ជុំវិញការដាក់ច្បាប់អាជ្ញាសឹក របស់លោកកាលពីក្នុងខែធ្នូ ត្រូវបានគេរំពឹងថា នឹងធ្លាក់មកក្នុងការប្រកួតប្រជែងរវាងលោក Lee និងលោក Kim Moon Soo បេក្ខជននៃគណបក្ស អំណាចប្រជាជនអភិរក្ស ដែលកំពុងកាន់អំណាច។

ការឈរឈ្មោះជាប្រធានាធិបតីជាលើកទីបី លោក Lee មានគោលបំណងពង្រឹង ការដឹកនាំរបស់លោក ដោយអំពាវនាវ ដល់អ្នកចូលរួមបោះឆ្នោត ជាមួយនឹងការសន្យា ជំរុញសេដ្ឋកិច្ច លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន និង លើកកម្ពស់ការរួបរួមជាតិ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

លោក Lee បានឲ្យដឹងនៅក្នុងព្រឹត្តិការណ៍មួយនៅ Gwanghwamun Plaza ទីក្រុងសេអ៊ូល ដែលមានមនុស្សប្រហែល ២០,០០០ នាក់បានប្រមូលផ្តុំគ្នា ដើម្បីស្តាប់សុន្ទរកថារបស់លោក ដោយចាប់ផ្តើមយុទ្ធនាការបោះឆ្នោតផ្លូវការរបស់លោកថា “ភារកិច្ចចម្បងរបស់យើងគឺដើម្បីស្តារជីវភាពរស់នៅដែលខូច លទ្ធិប្រជាធិបតេយ្យ និងសន្តិភាពនៅចំពោះមុខយើង និងធ្វើឱ្យសេដ្ឋកិច្ចដែលបែកបាក់ឡើងវិញ កន្លែងនេះ ក៏ជាកន្លែងនៃការប្រមូលផ្តុំគ្នាកន្លងមក ដែលអំពាវនាវឲ្យដកលោក Yoon ចេញពីតំណែង។

លោក Lee បានប្រឈមមុខនឹងភាពមិនច្បាស់លាស់ខាងផ្លូវច្បាប់ បន្ទាប់ពីតុលាការកំពូលកាលពីថ្ងៃទី ១ ខែឧសភា បានបដិសេធការដោះលែងរបស់លោក ដោយតុលាការជាន់ទាប ពាក់ព័ន្ធនឹងការ ចោទប្រកាន់ថា បានថ្លែងមិនពិតនៅឆ្នាំ២០២១ នៅពេលដែលលោកកំពុងធ្វើយុទ្ធនាការ សម្រាប់ការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំបន្ទាប់ ដោយបានបញ្ជូនសំណុំរឿងត្រឡប់ ទៅតុលាការជាន់ខ្ពស់ទីក្រុងសេអ៊ូល។

ប៉ុន្តែតុលាការកំពូលកាលពីសប្តាហ៍មុន បានពន្យារពេលសវនាការលើកទីមួយ នៃសំណុំរឿងបញ្ជូនបន្តរហូតដល់ក្រោយការបោះឆ្នោតថ្ងៃទី ៣ ខែមិថុនា ដើម្បីធានាការចូលរួម របស់លោកក្នុងការប្រកួតប្រជែងប្រធានាធិបតី ។ សាលក្រមដែលមានកំហុសអាចធ្វើឱ្យលោក Lee បាត់បង់កៅអីសភា និងរារាំងលោកមិនឱ្យឈរឈ្មោះក្នុងការបោះឆ្នោតរយៈពេល ១០ ឆ្នាំ ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top