ព័ត៌មានអន្តរជាតិ

អាមេរិក ប្រកាសកិច្ចព្រមព្រៀងសព្វាវុធជិត ១៤២ពាន់លានដុល្លារ ជាមួយអារ៉ាប៊ីសាអូឌីត

Xinhua

វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានប្រកាសពីកិច្ចព្រមព្រៀងសព្វាវុធ ដែលមានតម្លៃជិត ១៤២ពាន់លានដុល្លារ ជាមួយអារ៉ាប៊ីសាអូឌីត ដោយហៅវាថាជា “កិច្ចព្រមព្រៀងលក់ការពារជាតិដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រ”។

សេតវិមានបានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានថា សហរដ្ឋអាមេរិក នឹងផ្តល់ឱ្យប្រទេសនៅមជ្ឈិមបូព៌ា “ជាមួយនឹងឧបករណ៍ និងសេវាកម្មប្រយុទ្ធដ៏ទំនើបបំផុតពីក្រុមហ៊ុនការពារជាតិអាមេរិកជាងដប់បួន”។

សេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា ការលក់សព្វាវុធគ្របដណ្តប់លើ ៥ប្រភេទ រួមមាន ភាពជឿនលឿននៃកម្លាំងទ័ពអាកាស និងសមត្ថភាពអវកាស ការការពារដែនអាកាស និងកាំជ្រួច សន្តិសុខដែនសមុទ្រ និងឆ្នេរសមុទ្រ សន្តិសុខព្រំដែន និងកងកម្លាំងដីគោក ទំនើបកម្ម និងការធ្វើឱ្យប្រសើរប្រព័ន្ធព័ត៌មាន និងទំនាក់ទំនង។

កញ្ចប់នេះក៏រួមបញ្ចូលផងដែរនូវការបណ្តុះបណ្តាល និងការគាំទ្រយ៉ាងទូលំទូលាយក្នុងការកសាងសមត្ថភាពរបស់កងកម្លាំងប្រដាប់អាវុធអារ៉ាប៊ីសាអូឌីត រួមទាំងការពង្រឹងសាលាសេវាកម្មអារ៉ាប៊ីសាអូឌីត និងសេវាវេជ្ជសាស្រ្តយោធា។

កញ្ចប់នេះគឺជាផ្នែកមួយនៃការប្តេជ្ញាចិត្ត ៦០០ ពាន់លានដុល្លាររបស់អារ៉ាប៊ីសាអូឌីតក្នុងការវិនិយោគនៅសហរដ្ឋអាមេរិក នេះបើយោងតាមសេតវិមាន៕

ប្រែសម្រួល ឈូក បូរ៉ា 

To Top