បរទេស៖ ក្រុមហ៊ុន Boeing កាលពីថ្ងៃពុធ បានចុះកិច្ចព្រមព្រៀងដ៏ធំបំផុតរបស់ខ្លួនសម្រាប់យន្តហោះដែលមានទំហំធំទូលាយ នៅពេលដែលក្រុមហ៊ុនអាកាសចរណ៍រដ្ឋ Qatar Airways បានដាក់ការបញ្ជាទិញយ៉ាងម៉ឺងម៉ាត់សម្រាប់យន្តហោះដឹកអ្នកដំណើរចំនួន ១៦០ គ្រឿង បូករួមទាំងជម្រើសក្នុងការទិញ ៥០ គ្រឿងបន្ថែមទៀតក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី Donald Trump ទៅកាន់ប្រទេសឈូងសមុទ្រអារ៉ាប់។

យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា កិច្ចព្រមព្រៀងសម្រាប់យន្តហោះ Boeing 777X និង យន្តហោះ 787 ជាមួយនឹងម៉ាស៊ីន GE Aerospace មានតម្លៃ ៩៦ ពាន់លានដុល្លារ នេះបើយោងតាមសេតវិមាន។ វាគឺជាជ័យជម្នះមួយសម្រាប់លោក Trump ក្នុងដំណើរទស្សនកិច្ចដ៏ល្បីមួយទៅកាន់តំបន់នេះ បើទោះបីជាវានឹងមានរយៈពេលជាច្រើនឆ្នាំមុនពេលយន្តហោះត្រូវបានដឹកជញ្ជូនក៏ដោយ។
ការលក់នេះក៏ជាការជំរុញមួយសម្រាប់ក្រុមហ៊ុន Boeing និងអ្នកផ្គត់ផ្គង់ម៉ាស៊ីនដ៏ធំបំផុតរបស់ខ្លួន នៅពេលដែលម៉ូដែលធំរបស់គូប្រជែង Airbus A350 ដែលដំណើរការដោយម៉ាស៊ីន Rolls-Royce បានជួបបញ្ហាថែទាំពីប្រតិបត្តិការក្នុងអាកាសធាតុក្តៅបំផុតរបស់ពិភពលោក រួមទាំងតំបន់ឈូងសមុទ្រផងដែរ។
កិច្ចព្រមព្រៀងនេះគឺសម្រាប់ការបញ្ជាទិញរបស់ក្រុមហ៊ុនចំនួន ១៦០គ្រឿង ដែលក្នុងនោះ រួមមាន យន្តហោះ 787s ចំនួន ១៣០គ្រឿង និងយន្តហោះ 777Xs ចំនួន ៣០គ្រឿង និងជម្រើសសម្រាប់យន្តហោះ ៥០គ្រឿង ផ្សេងទៀតនៃយន្តហោះដែលធ្វើដំណើរឆ្ងាយទាំងពីរ, នេះបើយោងតាមក្រុមហ៊ុន Boeing ។ ភាគហ៊ុនរបស់ក្រុមហ៊ុនបានកើនឡើង 0.6% នៅញូវយ៉ក ខណៈដែលភាគហ៊ុនរបស់ក្រុមហ៊ុន GE Aerospace បានកើនឡើង 0.7%៕
ប្រែសម្រួលៈ ណៃ តុលា
