ព័ត៌មានអន្តរជាតិ

ក្រុមប្រឹក្សាសន្តិសុខយូអិន ជំរុញឱ្យអ៊ីស្រាអែល ដកការបិទផ្លូវជំនួយនៅតំបន់ហ្គាហ្សា ចំពេលមានការព្រមានពីគ្រោះទុរ្ភិក្ស

xinhua

យូអិន៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអំពាវនាវឱ្យអ៊ីស្រាអែល លុបចោលការបិទផ្លូវរបស់ខ្លួន នៅលើតំបន់ហ្គាហ្សា ដែលជាកន្លែងដែលការផ្គត់ផ្គង់ស្បៀងអាហារបានធ្លាក់ចុះហើយស្ថានភាពមនុស្សធម៌នៅតែបន្តធ្លាក់ចុះ។

ថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំបន្ទាន់មួយដែលបានធ្វើឡើងកាលពីថ្ងៃអង្គារ ស្តីពីវិបត្តិមនុស្សធម៌កាន់តែអាក្រក់នៅតំបន់ហ្គាហ្សា លោក Tom Fletcher អគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការមនុស្សធម៌បានឲ្យដឹងថា ស្ថានភាពមនុស្សធម៌នៅហ្គាហ្សា កំពុងធ្លាក់ចុះយ៉ាងឆាប់រហ័ស ចំពេលមានការរារាំងរបស់អ៊ីស្រាអែល ដែលបានរារាំងការចូលនៃអាហារ ថ្នាំពេទ្យ ទឹក និងសម្ភារៈជម្រកអស់រយៈពេលជាង ១០សប្តាហ៍។

លោកបានប្រាប់ក្រុមប្រឹក្សាសន្តិសុខថា “យើងមានការផ្គត់ផ្គង់សង្គ្រោះជីវិតរួចរាល់ហើយ ឥឡូវនេះនៅតាមព្រំដែន យើងមានយន្តការយ៉ាងម៉ត់ចត់ដើម្បីធានាថា ជំនួយរបស់យើងទទួលបានដល់ជនស៊ីវិល មិនមែនសម្រាប់ក្រុមហាម៉ាស់នោះទេ។

យោងតាមលោក ​​Fletcher ប្រហែល ៧០ ភាគរយនៃទឹកដីរបស់តំបន់ហ្គាហ្សា គឺស្ថិតនៅក្រោមការបញ្ជាឱ្យផ្លាស់ទីលំនៅ ឬនៅក្នុងតំបន់ដែលគ្រប់គ្រងដោយយោធាអ៊ីស្រាអែល ដែលបណ្តាលឱ្យជនស៊ីវិលរាប់សែននាក់ ជាប់នៅក្នុងតំបន់រួញកាន់តែតូច។

លោកបានលើកឡើងថា “រាល់ប្រជាជនប៉ាឡេស្ទីន ២.១លាននាក់ នៅតំបន់ហ្គាហ្សាស្ទ្រីប ប្រឈមនឹងហានិភ័យនៃគ្រោះទុរ្ភិក្ស។ ម្នាក់ក្នុងចំណោម ៥នាក់ប្រឈមនឹងការអត់ឃ្លាន”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top