ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ បញ្ជាក់ថា គ្មានសំណើជា លាយលក្ខណ៍អក្សរ ដែលទទួលបានពីអាមេរិក ក្នុងកិច្ចចរចានុយក្លេអ៊ែរ ដោយប្រយោលនោះទេ

xinhua

តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi កាលពីថ្ងៃព្រហស្បតិ៍ បានច្រានចោល របាយការណ៍មួយ របស់គេហទំព័រព័ត៌មាន Axios ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដែលថារដ្ឋបាលសហរដ្ឋអាមេរិក បានផ្តល់ឱ្យទីក្រុងតេអេរ៉ង់ នូវសំណើ សម្រាប់កិច្ចព្រមព្រៀងនុយក្លេអ៊ែរ ក្នុងអំឡុង ពេលការចរចា ដោយប្រយោល លើកទី៤ ។

លោកបានធ្វើការកត់សម្គាល់នៅខាងក្រៅដំណើរទស្សនកិច្ចរបស់លោកទៅកាន់ពិព័រណ៍សៀវភៅអន្តរជាតិនៅទីក្រុងតេអេរ៉ង់ លើកទី៣៦ នៅក្នុងរដ្ឋធានីរបស់ប្រទេសអ៊ីរ៉ង់ ត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ពីគេហទំព័រ Axios បានរាយការណ៍ថា បេសកជនពិសេសរបស់សហរដ្ឋអាមេរិក ប្រចាំនៅមជ្ឈិមបូព៌ាលោក Steve Witkoff បានបង្ហាញសំណើជាលាយ លក្ខណ៍អក្សរសម្រាប់កិច្ចព្រមព្រៀង នុយក្លេអ៊ែរដល់ភាគីអ៊ីរ៉ង់ក្នុងអំឡុងពេលការចរចា ដោយប្រយោលលើកទី៤ របស់ពួកគេនៅក្នុងរដ្ឋធានី Muscat របស់អូម៉ង់ កាលពីថ្ងៃអាទិត្យ។

លោក Araghchi បានលើកឡើងថា “រហូតមកដល់ពេលនេះ យើងមិនទាន់ទទួលបានសំណើជាលាយលក្ខណ៍អក្សរ ឬអត្ថបទណាមួយទេពីភាគីម្ខាងទៀតនៅឡើយទេ ។ ទោះជាយ៉ាងណាក៏ដោយ វាអាចទៅរួចដែលថាភាគីអូម៉ង់ នឹងបញ្ជូនអ្វីមួយមកពួកយើងនៅពេលក្រោយ”នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ដោយលើកឡើងពីកាលបរិច្ឆេទ និងទីកន្លែងនៃការចរចាជុំទី៥ លោក Araghchi បានលើកឡើងថា សមភាគីអូម៉ង់ នឹងប្រកាសពួកគេ នៅពេលក្រោយ ។ គណៈប្រតិភូអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានរៀបចំជុំទីមួយ និងទី៣ នៃកិច្ចចរចា ដោយប្រយោលរបស់ពួកគេ ស្តីពីកម្មវិធីនុយក្លេអ៊ែរ របស់ទីក្រុងតេអេរ៉ង់ និងការដកទណ្ឌកម្ម របស់សហរដ្ឋអាមេរិក នៅទីក្រុង Muscat កាលពីថ្ងៃទី១២ និង ២៦ ខែមេសា ខណៈដែលជុំទីពីរធ្វើឡើងនៅទីក្រុងរ៉ូម នៅថ្ងៃទី១៩ ខែមេសា៕
ប្រែសម្រួល ឈូក បូរ៉ា

To Top