តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បានសង្កត់ធ្ងន់ កាលពីថ្ងៃព្រហស្បតិ៍ថា គ្មានកន្លែងចម្រាញ់ សារធាតុអ៊ុយរ៉ានីញ៉ូម របស់ប្រទេសអ៊ីរ៉ង់ណាមួយ នឹងត្រូវរុះរើឡើយ នេះបើយោងតាមទីភ្នាក់ងារ សារព័ត៌មាន Fars ពាក់កណ្តាលផ្លូវការ ។
លោកបានធ្វើការកត់សម្គាល់នេះក្នុងអំឡុង ពេលដំណើរទស្សនកិច្ចទៅកាន់ពិព័រណ៍សៀវភៅ អន្តរជាតិទីក្រុងតេអេរ៉ង់ លើកទី៣៦ នៅរដ្ឋធានីអ៊ីរ៉ង់ ជាកន្លែង ដែលលោកបានពន្យល់លម្អិតអំពីជំហររបស់អ៊ីរ៉ង់ ក្នុងកិច្ចចរចានុយក្លេអ៊ែរ ដោយប្រយោលដែលសម្រប សម្រួលដោយប្រទេសអូម៉ង់ ជាមួយសហរដ្ឋអាមេរិក។
លោក Araghchi បានលើកឡើងថា “យើងប្រហែលជាកំពុងកសាងទំនុកចិត្ត និងផ្តល់តម្លាភាពទាក់ទងនឹងបញ្ហានុយក្លេអ៊ែរ ប៉ុន្តែយើងនឹងមិនបោះបង់ការចម្រាញ់ សារធាតុអ៊ុយរ៉ានីញ៉ូម របស់យើងឡើយ” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោកបានសង្កត់ធ្ងន់ថា បន្ថែមពីលើការ រក្សាសិទ្ធិនុយក្លេអ៊ែររបស់ខ្លួន អ៊ីរ៉ង់បានស្វែងរកការបន្ធូរបន្ថយ ទណ្ឌកម្មតាមរយៈការចរចា ដោយប្រយោល ជាមួយសហរដ្ឋអាមេរិក ។ លោករដ្ឋមន្ត្រីបានលើកឡើងថា “យើងត្រៀមខ្លួន ជាស្រេចក្នុងការកសាងទំនុកចិត្ត និងផ្តល់តម្លាភាពដល់ ភាគីម្ខាងទៀតជាថ្នូរ នឹងការដកទណ្ឌកម្មចេញ”។
លោកបានគូសបញ្ជាក់ថា ការការពារសិទ្ធិនុយក្លេអ៊ែរ របស់ប្រជាជនអ៊ីរ៉ង់ រួមទាំងការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម គឺជាគោលការណ៍ និងតួនាទីជាមូលដ្ឋាន របស់ប្រទេសក្នុងការចរចា។ ការកត់សម្គាល់របស់គាត់បានកើតឡើង នៅពេលដែលគណៈប្រតិភូអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យ បានបើកកិច្ចចរចាដោយប្រយោលលើកទី៤ ស្តីពីកម្មវិធីនុយក្លេអ៊ែរ របស់ទីក្រុងតេអេរ៉ង់ និងការដកទណ្ឌកម្ម របស់ទីក្រុងវ៉ាស៊ីនតោន នៅក្នុងរដ្ឋធានី Muscat របស់ប្រទេសអូម៉ង់ ៕
ប្រែសម្រួល ឈូក បូរ៉ា
