បរទេស៖ ប្រទេសកាតាបានច្រានចោលការរិះគន់ជុំវិញសំណើផ្តល់អំណោយជាយន្តហោះ Boeing ដ៏ប្រណិតរបស់ខ្លួនដល់សហរដ្ឋអាមេរិក ដោយទទូចថា ការអំណោយនេះគឺជាប្រតិបត្តិការរបស់រដ្ឋាភិបាលដោយត្រង់។ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN កាលពីថ្ងៃពុធ នាយករដ្ឋមន្ត្រីកាតា លោក Sheikh Mohammed bin Abdulrahman Al-Thani បានលើកឡើងថា ការផ្តល់ជូននេះគឺជាផ្នែកមួយនៃទំនាក់ទំនងការទូតធម្មតា និងមិនមែនជាការបំពេញចិត្តផ្ទាល់ខ្លួននោះទេ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា យន្តហោះ Boeing 747-8 តម្លៃ ៤០០ លានដុល្លារ នឹងត្រូវប្រគល់ទៅឱ្យក្រសួងការពារជាតិ និងជំនួសយន្តហោះ Air Force One ខណៈពេលដែលរដ្ឋាភិបាលសហរដ្ឋអាមេរិកកំពុងរង់ចាំការប្រគល់យន្តហោះប្រធានាធិបតីថ្មីពីក្រុមហ៊ុន Boeing ។ ការបញ្ជាទិញនេះត្រូវបានកំណត់ឡើងវិញជាច្រើនឆ្នាំដោយក្រុមហ៊ុនផលិតយន្តហោះដែលមានបញ្ហា។
យ៉ាងណាក៏ដោយ សមាជិកសភាគណបក្សប្រជាធិបតេយ្យមួយចំនួន បានចោទប្រធានាធិបតីអាមេរិក Donald Trump ថា បានប្រើអំណាចជាប្រធានាធិបតីដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។
លោក Al-Thani នាយករដ្ឋមន្ត្រីកាតា ក៏បានបដិសេធចំពោះការព្រួយបារម្ភដែលបានលើកឡើងដោយសមាជិកគណបក្សសាធារណរដ្ឋមួយចំនួនដែលថា ប្រទេសកាតាអាចនឹងស្វែងរកឥទ្ធិពលលើរដ្ឋបាលអាមេរិក៕
ប្រែសម្រួលៈ ណៃ តុលា
