បរទេស៖ កិច្ចព្រមព្រៀងពាណិជ្ជកម្ម រវាងសហរដ្ឋអាមេរិក និង ចិន នៅតែបន្តដាក់សម្ពាធលើតម្លៃមាស បើទោះបីជាមានព័ត៌មាន នៃការទម្លាក់ចំណាត់ថ្នាក់ឥណទាន របស់សហរដ្ឋអាមេរិកក៏ដោយ។
យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅចុងបញ្ចប់នៃវគ្គជួញដូរនៅថ្ងៃទី ១៦ ខែឧសភា តម្លៃមាសពិភពលោកបានធ្លាក់ចុះជិត ៣៨ ដុល្លារដល់ ៣.២០១ ដុល្លារ។ ក្នុងអំឡុងពេលវគ្គនេះ តម្លៃបានធ្លាក់ចុះមកត្រឹម ៣.១៥៥ ដុល្លារ។ មាសក្រោយមកបានស្ទុះងើបឡើងវិញ បន្តិចបន្ទាប់ពីមានព័ត៌មានថា ក្រុមហ៊ុនសេវាហិរញ្ញវត្ថុ Moody បានទម្លាក់ចំណាត់ថ្នាក់ឥណទាន របស់សហរដ្ឋអាមេរិកដោយសារ តែឱនភាពសារពើពន្ធ និងការកើនឡើងការប្រាក់។
សម្រាប់សប្តាហ៍នេះ តម្លៃមាសនៅតែធ្លាក់ចុះជិត ៤ភាគរយ ភាគច្រើនដោយសារតែភាពត្រជាក់នៃភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន។ កាលពីថ្ងៃទី 12 ខែឧសភា ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេ លើពិភពលោកបានប្រកាសកិច្ចព្រមព្រៀងមួយ ដើម្បីកាត់បន្ថយពន្ធនាំចូល យ៉ាងខ្លាំងក្នុងរយៈពេល 90 ថ្ងៃ។ របាំងមិនមែនពន្ធក៏នឹងត្រូវដកចេញផងដែរ។
កាលពីខែមុន លោហៈដ៏មានតម្លៃបានឡើងថ្លៃដល់ទៅ ៣ ៥០០ ដុល្លារក្នុងមួយអោន ខណៈភាពតានតឹងពាណិជ្ជកម្មបានកើនឡើង។ លោក Jim Wycoff អ្នកវិភាគជាន់ខ្ពស់ នៅក្រុមហ៊ុន Kitco Metals បាននិយាយថា “សង្រ្គាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិនបានបង្កើនតម្រូវការ សម្រាប់ទ្រព្យសកម្មប្រថុយប្រថាន ។ អ្នកវិនិយោគមាសក៏កំពុងទទួលបានប្រាក់ចំណេញផងដែរ ដែលបង្កឱ្យមានរលក នៃការលក់ពេញមួយសប្តាហ៍កន្លងមកនេះ” ។
លោហធាតុមានតម្លៃ ឬ មាស ត្រូវបានចាត់ទុកថា ជាការការពារហានិភ័យក្នុងអំឡុងពេលនៃវិបត្តិសេដ្ឋកិច្ច និងនយោបាយ។ មាសក៏មានប្រជាប្រិយភាពផងដែរ នៅក្នុងបរិយាកាសដែលមានអត្រាការប្រាក់ទាប៕
ប្រែសម្រួលៈ ណៃ តុលា
