ព័ត៌មានអន្តរជាតិ

រុស្ស៊ី និងអ៊ុយក្រែន ព្រមព្រៀងគ្នាបន្ដការចរចា និងការដោះដូរអ្នកទោសទ្រង់ទ្រាយធំ

xinhua

អ៊ីស្តង់ប៊ុល៖ គណៈប្រតិភូរុស្ស៊ី និងអ៊ុយក្រែន បានបញ្ចប់កិច្ចប្រជុំរបស់ពួកគេនៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី កាលពីថ្ងៃសុក្រ ដោយបានយល់ព្រមរៀបចំការចរចាថ្មី និងមានការដោះដូរអ្នកទោសជាលក្ខណៈទ្រង់ទ្រាយធំ។

ជាលទ្ធផលសំខាន់នៃកិច្ចចរចារយៈពេលពីរម៉ោង រុស្ស៊ី និងអ៊ុយក្រែន បានយល់ព្រមលើការផ្លាស់ប្តូរអ្នកទោសដែលមានមនុស្ស ១,០០០នាក់មកពីភាគីនីមួយៗ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

យោងតាមប្រភពការទូតរុស្ស៊ី ជំនួយការប្រធានាធិបតីលោក Vladimir Medinsky បានឲ្យដឹងថា ការដោះដូរអ្នកទោសនឹងប្រព្រឹត្តទៅក្នុងពេលឆាប់ៗនេះ។  លោកក៏បានសម្តែងការពេញចិត្តចំពោះកិច្ចប្រជុំនេះ ហើយបានបញ្ជាក់ថា រុស្ស៊ី ត្រៀមខ្លួនជាស្រេចក្នុងការបន្តកិច្ចសន្ទនានេះ។

លោកបានកត់សម្គាល់ថា ភាគីទាំងពីរនឹងបង្ហាញទស្សនៈលម្អិតរបស់ពួកគេក្នុងពេលឆាប់ៗនេះ ស្តីពីបទឈប់បាញ់ ដែលអាចកើតមាន បន្ទាប់ពីនោះការចរចានឹងឆ្ពោះទៅមុខបន្ដទៀត។

លោក​ក៏​បាន​លើកឡើងផង​ដែរ​ថា អ៊ុយក្រែន​បាន​ស្នើ​ឲ្យ​មាន​ការ​ចរចា​ផ្ទាល់​រវាង​ប្រធានាធិបតី​ទាំង​ពីរ ហើយ​ថា រុស្ស៊ីបាន​កត់​សម្គាល់សំណើ​នេះ ប៉ុន្ដែមិនទាន់មានការឆ្លើយតបចំពោះការទទួលយកពីប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន នៅឡើយទេ។

ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន Rustem Umerov បានឲ្យដឹងថា ភាគីទាំងពីរបានផ្តោតលើប្រធានបទសំខាន់ៗចំនួនបី ដែលរួមមានបទឈប់បាញ់ ការដោះដូរអ្នកទោស និងលទ្ធភាពនៃកិច្ចប្រជុំកំពូលប្រធានាធិបតីនាពេលអនាគត។

រដ្ឋមន្រ្តីការពារជាតិអ៊ុយក្រែនរូបនេះ បានពិពណ៌នាកិច្ចព្រមព្រៀង ស្តីពីការដោះដូរអ្នកទោសថាជា “ការដោះដូរដ៏ធំបំផុតចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាម”។

នៅក្នុងការប្រកាសនៅលើបណ្ដាញសង្គម X រដ្ឋមន្ត្រីការបរទេសតួកគីលោក Hakan Fidan ដែលជាប្រធានការចរចាបានកត់សម្គាល់ថាកិច្ចប្រជុំនេះ បានបង្កើតលទ្ធផលសំខាន់ៗជាច្រើនក្នុងគោលបំណងកសាងទំនុកចិត្ត និងដាក់មូលដ្ឋានគ្រឹះ សម្រាប់ការចរចានាពេលអនាគត៕

ប្រែសម្រួល ឈូក បូរ៉ា

To Top