ព័ត៌មានអន្តរជាតិ

អ៊ីរ៉ាក់ បញ្ជាក់​ជាថ្មី​ពី​ការ​គាំទ្រ ចំពោះ​បុព្វហេតុ​ប៉ាឡេស្ទីន ជំរុញ​ឲ្យ​មាន​ឯកភាព​អារ៉ាប់ ប្រឆាំង​នឹង​ការ​វាយ​ប្រហារ​របស់​អ៊ីស្រាអែល លើ​តំបន់​ហ្គាហ្សា

xinhua

ហ្គាហ្សា៖ ប្រធានាធិបតីអ៊ីរ៉ាក់លោក Abdul Latif Rashid បានអះអាងជាថ្មីនូវការគាំទ្ររបស់អ៊ីរ៉ាក់ចំពោះបុព្វហេតុប៉ាឡេស្ទីន ហើយបានជំរុញឱ្យមានជំហរអារ៉ាប់រួមមួយប្រឆាំងនឹងការវាយប្រហារ ដែលកំពុងបន្តរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា។

ក្នុងអំឡុងពេលជួបជាមួយប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas ដែលកំពុងនៅក្នុងទីក្រុងបាកដាដ ដើម្បីចូលរួមកិច្ចប្រជុំកំពូលសម្ព័ន្ធអារ៉ាប់លើកទី៣៤ នាពេលខាងមុខ លោក Rashid បានសម្តែងការគាំទ្រពេញទំហឹងរបស់អ៊ីរ៉ាក់ ចំពោះសិទ្ធិស្របច្បាប់របស់ប្រជាជនប៉ាឡេស្ទីន ជាចម្បងសិទ្ធិរបស់ពួកគេក្នុងការបង្កើតរដ្ឋឯករាជ្យមួយ។

លោក Rashid បានលើកឡើងថា “ការឈ្លានពានដែលកំពុងបន្តប្រឆាំងនឹងតំបន់ហ្គាហ្សា ទាមទារឱ្យមានជំហរអារ៉ាប់រួម និងរឹងមាំ ដែលបង្ហាញពីឆន្ទៈនៃសាមគ្គីភាព និងការគាំទ្រប្រកបដោយប្រសិទ្ធភាព សម្រាប់ប្រជាជនប៉ាឡេស្ទីន” ដោយបន្ថែមថា កិច្ចប្រជុំកំពូលនាពេលខាងមុខ ត្រួសត្រាយផ្លូវ សម្រាប់ទ្រទ្រង់សាមគ្គីភាពអារ៉ាប់ក្នុងការគាំទ្របុព្វហេតុប៉ាឡេស្ទីន។

យោងតាមសេចក្តីថ្លែងការណ៍ លោក Abbas បានសរសើរជំហររបស់អ៊ីរ៉ាក់ ចំពោះបុព្វហេតុប៉ាឡេស្ទីន ការរៀបចំកិច្ចប្រជុំកំពូលនាពេលខាងមុខ និងវេទិកាដែលវាតំណាងឱ្យសហគមន៍អន្តរជាតិអាចស្តាប់សំឡេងរបស់ប្រជាជនប៉ាឡេស្ទីន។

កាលពីថ្ងៃសុក្រផងដែរ នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោក Mohammed Shia ‘al-Sudani បានជួបជាមួយលោក Abbas ក្នុងអំឡុងពេលដែលភាគីទាំងពីរបានបង្ហាញពីជំហរតម្រឹមលើបញ្ហាប្រឈម និងការអភិវឌ្ឍក្នុងតំបន់ ដែលសំខាន់បំផុតក្នុងចំណោមពួកគេ បុព្វហេតុប៉ាឡេស្ទីន និងតម្រូវការបន្ទាន់ដើម្បីបញ្ចប់ “ការឈ្លានពានរបស់អ៊ីស្រាអែល” នៅលើតំបន់ហ្គាហ្សា៕

ប្រែសម្រួល ឈូក បូរ៉ា

To Top