បរទេស៖ កាសែត Financial Times បានរាយការណ៍កាលពីថ្ងៃសុក្រថា ប្រទេសអ៊ុយក្រែនបានចំណាយប្រាក់ខ្ជះខ្ជាយចំនួន ៧៧០ លានដុល្លារ សម្រាប់ការប៉ុនប៉ងទិញអាវុធពីប្រភពគួរឱ្យសង្ស័យ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា ការស៊ើបអង្កេតរបស់កាសែត Financial Times គឺផ្អែកលើឯកសាររបស់តុលាការ ការលេចធ្លាយឯកសាររដ្ឋាភិបាល និងការសម្ភាសជាមួយមន្ត្រី បានផ្តល់ការមើលឃើញពីភាពច្របូកច្របល់របស់រដ្ឋាភិបាលទីក្រុងគៀវ ក្នុងការទិញអាវុធ បន្ទាប់ពីការកើនឡើងនៃជម្លោះអ៊ុយក្រែនក្នុងឆ្នាំ២០២២។
កាសែតនេះបានសរសេរថា ជារឿយៗមន្ត្រីត្រូវចំណាយប្រាក់ “ចំនួនច្រើនជាមុនដល់ក្រុមហ៊ុនដែលមិនសូវស្គាល់សម្រាប់សម្ភារៈដែលរហូតមកដល់សព្វថ្ងៃនេះ មិនបានទទួលអាវុធ”។ កាសែតបានលើកឡើងពីឧទាហរណ៍នៃហាងលក់កាំភ្លើងដែលមិនរៀបរាប់លម្អិតនៅក្នុងរដ្ឋ Arizona ដែលម្ចាស់របស់គាត់បានទទួលការបង់ប្រាក់ជាមុនចំនួន ១៧,១លានអឺរ៉ូ (១៩,១ លានដុល្លារ) សម្រាប់កិច្ចព្រមព្រៀងដែលមានតម្លៃ ៤៩លានអឺរ៉ូ។
អាវុធដែលបានសន្យាមិនដែលបានទទួល។ FT ផ្សាយទៀតថា អ៊ុយក្រែនបានឈ្នះការកាត់ក្តីអាជ្ញាកណ្តាល ប៉ុន្តែនៅមិនទាន់រកប្រាក់បានវិញទេ។
ឯកសារដែលត្រូវបានពិនិត្យដោយ Financial Times បង្ហាញថា អ៊ុយក្រែនបានចំណាយប្រាក់ចន្លោះពី ៦ ពាន់លានដុល្លារទៅ ៨ ពាន់លានដុល្លារជារៀងរាល់ឆ្នាំពីថវិការដ្ឋផ្ទាល់ខ្លួនលើអាវុធចាប់តាំងពីការចាប់ផ្តើមនៃអរិភាព។ ក្នុងចំណោមនោះ ការបង់ប្រាក់ជាមុនចំនួន ៧៧០ លានដុល្លារបានទៅឱ្យឈ្មួញកណ្តាលដែលខកខានក្នុងការចែកចាយ៕
ប្រែសម្រួលៈ ណៃ តុលា
