បរទេស៖ មន្ត្រីថៃនិយាយថា កាកសំណល់អេឡិចត្រូនិកដែលនាំចូលខុសច្បាប់ចំនួន២៣៨ តោនដែលរឹបអូសបានកាលពីដើមសប្តាហ៍នេះនៅកំពង់ផែបាងកកក្នុងសង្កាត់ Klong Toey គឺបានមកពីសហរដ្ឋអាមេរិក។
យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា ទីភ្នាក់ងារសារព័ត៌មាន Associated Press បានដកស្រង់សម្តីលោក Theeraj Athanavanich អគ្គនាយកនៃនាយកដ្ឋានគយថៃ ដែលបាននិយាយថា កាកសំណល់នៅក្នុងកុងតឺន័រធំចំនួន ១០ ត្រូវបានប្រកាសថាជាសំណល់ដែកចម្រុះ ប៉ុន្តែបានក្លាយទៅជាបន្ទះសៀគ្វីដែលលាយឡំនៅក្នុងគំនរដែកដ៏ធំ។
លោក Theeraj បាននិយាយថា អាជ្ញាធរកំពុងស្វែងរកការចោទប្រកាន់ រួមទាំងការប្រកាសក្លែងបន្លំទំនិញនាំចូល និងការនាំចូលកាកសំណល់អេឡិចត្រូនិកដោយខុសច្បាប់។ លោកបានបន្តថា កាកសំណល់ដែលត្រូវបានគេរកឃើញកាលពីថ្ងៃអង្គារក្នុងការត្រួតពិនិត្យដោយចៃដន្យ នឹងត្រូវបញ្ជូនត្រឡប់ទៅប្រទេសដើមវិញ។
សូមជម្រាបថា ប្រទេសថៃបានអនុម័តការហាមឃាត់លើការនាំចូលផលិតផលសំណល់អេឡិកត្រូនិកជាច្រើនប្រភេទក្នុងឆ្នាំ2020។ គណៈរដ្ឋមន្ត្រីកាលពីខែកុម្ភៈបានអនុម័តលើបញ្ជីបន្ថែមនៃសម្ភារៈហាមឃាត់៕
ប្រែសម្រួលៈ ណៃ តុលា
