យេរ៉ូសាឡឹម៖ ការិយាល័យរបស់នាយករដ្ឋមន្ត្រី អ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានឲ្យដឹងថា ក្រុមចរចាអ៊ីស្រាអែល មួយកំពុងចូលរួម ក្នុងកិច្ចពិភាក្សាដោយប្រយោលនៅក្នុងរដ្ឋធានីដូហា របស់ប្រទេសកាតា ស្តីពីកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំងជាមួយក្រុមហាម៉ាស រួមទាំងការបញ្ចប់សង្រ្គាម នៅតំបន់ហ្គាហ្សាផងដែរ ។
ការិយាល័យបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមចរចាកំពុងធ្វើការនៅក្នុងទីក្រុងដូហា ដើម្បីសម្រេចបាននូវរាល់ ឱកាសសម្រាប់កិច្ច ព្រមព្រៀងមួយ រួមទាំងការបញ្ចប់ការប្រយុទ្ធគ្នាផងដែរ ដោយធានាបាននូវការដោះលែងចំណាប់ខ្មាំងចំនួន ៥៨ នាក់ដែលនៅតែឃុំខ្លួន នៅតំបន់ហ្គាហ្សា បណ្តេញពួកសកម្មប្រយុទ្ធហាម៉ាស់ និងដកហូតអាវុធរបស់ពួកគេ នៅតំបន់ហ្គាហ្សាស្ទ្រីប ។
សេចក្តីថ្លែងការណ៍នេះបានកើតឡើងនៅពេលដែលការចរចា ដោយប្រយោលរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ បានបន្តនៅថ្ងៃសៅរ៍នៅទីក្រុងដូហា ដែលប្រភពជិតស្និទ្ធ នឹងក្រុមហាម៉ាស់ បានប្រាប់កាសែតស៊ីនហួ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា គឺផ្អែកលើសំណើ ដែលដាក់ជូនដោយ បេសកជនពិសេស អាមេរិកប្រចាំតំបន់មជ្ឈិមបូព៌ាលោក Steve Witkoff ដែលក្រុមហាម៉ាស់ បានធ្វើវិសោធនកម្មយ៉ាងសំខាន់។
វាក៏ធ្វើតាមការប្រកាស របស់អ៊ីស្រាអែល កាលពីយប់ថ្ងៃសុក្រថា ខ្លួនបានបង្កើនប្រតិបត្តិការនៅតំបន់ហ្គាហ្សា ដើម្បីសម្គាល់ការចាប់ផ្តើម ប្រតិបត្តិការយោធាដែលទើបចាប់ផ្តើមថ្មីដែលមានកូដថា “Gideon’s Chariots” ដែលមានគោលបំណងពង្រីកវិសាលភាព នៃការប្រយុទ្ធនៅតំបន់ហ្គាហ្សា និងជំរុញគោលដៅសង្គ្រាមសំខាន់ៗ រួមទាំងការដោះលែងចំណាប់ខ្មាំង និងការរុះរើក្រុមហាម៉ាស់ ចេញពីតំបន់។
អាជ្ញាធរសុខាភិបាលក្នុងតំបន់ហ្គាហ្សាបាននិយាយកាលពីថ្ងៃអាទិត្យថា ចាប់តាំងពីអ៊ីស្រាអែល បានបន្តការវាយប្រហារយោធាកាន់តែខ្លាំងនៅថ្ងៃទី១៨ ខែមីនា ជនជាតិប៉ាឡេស្ទីន ៣,១៩៣ នាក់ត្រូវបានសម្លាប់ និង ៨,៩៩៣ នាក់ផ្សេងទៀត បានរងរបួស ដែលនាំឱ្យចំនួនអ្នកស្លាប់ សរុបនៅក្នុងតំបន់ហ្គាហ្សា ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើមក្នុងខែតុលា ឆ្នាំ២០២៣ ដល់ ៥៣,៣៣៩ នាក់ និង ១២១,០៣៤ នាក់ផ្សេងទៀតបានរងរបួស។
យោងតាមការប៉ាន់ប្រមាណរបស់អ៊ីស្រាអែល ចំណាប់ខ្មាំង ៥៨ នាក់ក្នុងចំណោម ២៥១ នាក់ដែលក្រុមហាម៉ាស់ចាប់បានក្នុងអំឡុងពេលវាយលុកនៅថ្ងៃទី ៧ ខែតុលាឆ្នាំ២០២៣ លើអ៊ីស្រាអែលភាគខាងត្បូងនៅតែស្ថិតក្នុងតំបន់ហ្គាហ្សា។ ក្នុងចំណោមចំណាប់ខ្មាំងទាំង ៥៨នាក់ មាន ២០នាក់ត្រូវបានគេជឿថា នៅមានជីវិត៕
ប្រែសម្រួល ឈូក បូរ៉ា
