ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ “តារាងពិន្ទុ” នៃសេដ្ឋកិច្ចចិន នាំមកនូវជំនឿចិត្ត និងកាលានុវត្តភាព ដល់ពិភពលោក

“ទិន្នន័យទាំងនេះ បានបង្ហាញ ឱ្យឃើញនូវកម្លាំង រស់រវើកដ៏ធំធេង របស់សេដ្ឋកិច្ចចិន ពួកយើងនឹងបន្តធ្វើអាជីវកម្ម កាន់តែស៊ីជម្រៅ លើវិស័យសេដ្ឋកិច្ច ជីវសាស្ត្រ ដែលជាវិស័យគំរូខាងកម្លាំង ផលិតកម្មគុណភាពថ្មី ។ ” នៅថ្ងៃទី ១៩ ខែឧសភា បន្ទាប់ពីប្រទេសចិន បានប្រកាសពីសភាពការណ៍ដំណើរ ការសេដ្ឋកិច្ចជាតិចិននៅខែមេសា លោកMorten Rasmussenនាយកប្រតិបតិ្តរង នៃក្រុមហ៊ុន Novonesis នៃប្រទេសដាណឺម៉ាក បានបញ្ចេញមតិយោបល់ របស់ខ្លួនដូចពោលខាងលើ ។ ព្រមពេលជាមួយគ្នានេះ ប្រព័ន្ធសារព័ត៌មានអន្តរជាតិ បាននាំគ្នាប្រើពាក្យពេចន៍ដូចជា“លើសពីការប៉ាន់ប្រមាណ” “មានភាពធន់” “រក្សាលំនឹង”ជាដើម សម្រាប់វាយតម្លៃចំពោះស្ថានភាពរបស់សេដ្ឋកិច្ចចិន ។

ចាប់ពីចូលឆ្នាំនេះ មក អាមេរិក បានយកការដំឡើងពន្ធគយធ្វើជាអាវុធ ជាពិសេស គឺចាប់ពីចូលខែមេសាមក អាមេរិកបានប្រកាសថា នឹងដំឡើង “ពន្ធគយបដិការ” ជាច្រើនជុំទៅលើប្រទេសចិន ប្រទេសចិនបានចាត់វិធានការ តបតវិញយ៉ាងដាច់ខាតចំពោះទង្វើនេះ ។ ប្រឈមនឹងសភាពការណ៍ ដែលការវាយប្រហារពីខាងក្រៅ ជះឥទ្ធិពលកាន់តែខ្លាំង និងមានបញ្ហាប្រឈមក្នុងផ្ទៃក្នុង សេដ្ឋកិច្ចចិនបានឆ្ពោះទៅមុខក្រោមកម្លាំងសម្ពាធ ហើយទទួលបានសមិទ្ធផលល្អ ដែលបានមកដោយមិនងាយទេ ។

បើមើលពីសភាពការណ៍ជាតិ នៅ៤ខែដើមឆ្នាំនេះ ល្បឿនកំណើននៃសន្ទស្សន៍ដ៏សំខាន់លើវិស័យ តម្រូវការខាងផលិតកម្មនៃសេដ្ឋកិច្ចចិន សុទ្ធតែលឿនជាងឆ្នាំមុន យ៉ាងច្បាស់លាស់ ល្បឿនកំណើននៃទំហំលក់រាយទំនិញប្រើប្រាស់ ក្នុងសង្គមនិងសន្ទស្សន៍ផលិតកម្ម លើវិស័យសេវាកម្ម សុទ្ធតែលឿនជាង០,១ភាគរយ បើប្រៀបធៀបនឹងបីខែដើមឆ្នាំនេះ ។ នៅខែមេសា ក្នុងចំណោមឧស្សាហកម្មធំៗចំនួន៤១ មានឧស្សាហកម្មចំនួន ៣៦មានការកើនឡើង បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន អត្រាកើនឡើងបានលើសពី៨០ភាគរយ ល។ល ទិន្នន័យបានបង្ហាញថា នៅបួនខែដើមឆ្នាំនេះ សេដ្ឋកិច្ចចិនបានកើនឡើង ដោយនឹងនរក្រោមកម្លាំងសម្ពាធ ហើយមាននិន្នាការអភិវឌ្ឍន៍ដ៏ល្អប្រសើរជាបន្តបន្ទាប់ ដែលបានបង្ហាញឱ្យឃើញ នូវភាពធន់និងសមត្ថភាពទប់ទល់នឹងកម្លាំងសម្ពាធយ៉ាងខ្លាំងក្លា ។

បើមើលពីសភាព ការណ៍អន្តរជាតិ ដោយរងឥទ្ធិពលពី“ សង្គ្រាមពន្ធគយ”ជាដើម អង្គការសហប្រជាជាតិ បានចេញផ្សាយរបាយការណ៍ នាពេលថ្មីៗកន្លង ទៅនេះថា តាមការប៉ាន់ប្រមាណ ល្បឿន កំណើននៃសេដ្ឋកិច្ចសកល នៅឆ្នាំ២០២៥ នឹងបង្អង់ល្បឿនមកនៅត្រឹម២,៤ភាគរយ ដែលបានទាបជាង ០,៤ភាគរយបើប្រៀបធៀប នឹងការប៉ាន់ប្រមាណនៅខែមករា ។ ប៉ុន្តែផ្ទុយទៅវិញ គ្រឹះស្ថានអន្តរជាតិ ដូចជាក្រុមហ៊ុន Goldman Sachs ក្រុមហ៊ុនING គ្រុប នៃប្រទេសហូឡង់ និង ក្រុមហ៊ុនUBS នៃប្រទេសស្វ៊ីសជាដើមបាននាំគ្នា ដំឡើងការប៉ាន់ប្រមាណ ចំពោះកំណើនសេដ្ឋកិច្ចចិន នៅឆ្នាំ២០២៥ ។ អ្នកទទួលខុសត្រូវរបស់សហគ្រាសពហុជាតិ ជាច្រើនសម្គាល់ឃើញថា ប្រទេសចិនបានក្លាយជាពាក្យសព្វនាមនៃ “ភាពប្រាកដប្រជា” ។

អ្វីដែលគួរឱ្យលើកឡើង គឺទោះបីជាប្រឈមនឹងរបាំងពន្ធគយ កម្រិតខ្ពស់ក៏ដោយ ក៏ប៉ុន្តែ ពាណិជ្ជកម្មបរទេសរបស់ចិននៅតែរក្សាកំណើនដោយនឹងនរ ដែលបានបង្ហាញឱ្យឃើញ នូវកម្លាំងប្រកួតប្រជែងអន្តរជាតិយ៉ាងខ្លាំងក្លា ។ ពីខែមករា ដល់ខែមេសា ល្បឿនកំណើននៃទំហំនាំចេញ នាំចូលទំនិញរបស់ចិនបានកើន ឡើង១,១ភាគរយ បើប្រៀបធៀប នឹងត្រីមាសទីមួយ ហើយការនាំចេញបានកើនឡើង ៧,៥ភាគរយបើប្រៀបធៀប នឹងរយៈពេលដូចគ្នានៃឆ្នាំមុន ។

បច្ចុប្បន្ននេះ កិច្ចពិភាក្សាខាងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិននិងអាមេរិកបានទទួលការវិវឌ្ឍរីកចម្រើនជាក់ស្តែង ប្រការនេះបានកាត់បន្ថយភាព មិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល ក្នុងមួយកម្រិត ប៉ុន្តែបរិយាកាសអន្តរជាតិនៅ តែមានភាពស្មុគស្មាញនិងតានតឹងដដែល ។ មិនខ្លាចហានិភ័យនិងបញ្ហាប្រឈម ប្រទេសចិន នឹងធ្វើកិច្ចការរបស់ខ្លួនឱ្យបានល្អយ៉ាងមុតមាំមិនងាករេ ក៏ដូចជាពង្រីកការបើកទូលាយ ប្រកបដោយកម្រិតខ្ពស់យ៉ាងមុតមាំ មិនងាករេផងដែរ ៕

To Top