ព័ត៌មានអន្តរជាតិ

ព័រទុយហ្គាល់ បន្ទោសបារាំង ជុំវិញករណីដាច់ភ្លើងធំបំផុត ក្នុងប្រវត្តិសាស្ត្រអឺរ៉ុប កាលពីថ្ងៃទី២៨ខែមេសា

AFP

បរទេស៖ កាសែត Financial Times បានរាយការណ៍ កាលពីថ្ងៃអាទិត្យដោយដកស្រង់ សម្តីរបស់រដ្ឋ្រីថាមពលប្រទេស ព័រទុយហ្គាល់លោកស្រី Maria da Graca Carvalhoថា ប្រទេស ព័រទុយហ្គាល់ គ្រោងនឹងស្នើឱ្យគណៈកម្មការអឺរ៉ុប ដាក់សម្ពាធលើប្រទេសបារាំង លើការផ្គត់ផ្គង់អគ្គិសនីដែលមានកម្រិត។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា គម្រោងសំណើរ នេះធ្វើឡើង បន្ទាប់ពីមានការដាច់ភ្លើងថ្ងៃទី ២៨ ខែមេសា ដែលបានធ្វើឱ្យមនុស្ស រាប់លាននាក់នៅទូទាំង ប្រទេសអេស្ប៉ាញ ព័រទុយហ្គាល់ និងផ្នែកខ្លះនៃភាគខាងត្បូង ប្រទេសបារាំង គ្មានអគ្គិសនីប្រើប្រាស់រហូតដល់ដប់ម៉ោង។

ប្រទេសព័រទុយហ្គាល់ ត្រូវបានគេរាយការណ៍ថា បានស្តីបន្ទោសបារាំង (ទីក្រុងប៉ារីស) ចំពោះការបរាជ័យក្នុងការបញ្ចប់ និងពង្រីកការតភ្ជាប់អន្តរកម្មអគ្គិសនី ដ៏សំខាន់ជាមួយប្រទេសអេស្ប៉ាញ – ការខ្វះខាតដែល រដ្ឋាភិបាលទីក្រុង Lisbon អះអាងថា បានធ្វើឱ្យការដាច់ចរន្តអគ្គិសនីកាន់តែធ្ងន់ធ្ងរដោយការរឹតបន្តឹងការគាំទ្រថាមពលឆ្លងព្រំដែន។ ការដាច់ភ្លើងត្រូវបានពិពណ៌នាថា ជាករណីធំបំផុតក្នុងប្រវត្តិសាស្ត្រអឺរ៉ុបនាពេលថ្មីៗនេះ។

លោកស្រី Carvalho អះអាងថា ទីក្រុងព្រុចសែលមានសិទ្ធិអំណាច ក្នុងការសម្រេចចិត្តលើបញ្ហានេះ នៅក្រោមច្បាប់របស់សហភាពអឺរ៉ុប ដោយកត់សម្គាល់ថា ទំនាក់ទំនងខ្សោយរវាងបារាំង និងអេស្ប៉ាញនៅតែបន្តរារាំងទីផ្សារ ថាមពលផ្ទៃក្នុងរបស់ប្លុក។

លោកស្រីបានជំរុញឱ្យគណៈកម្មការឈានជើងចូលដោះស្រាយ ប្រសិនបើទីផ្សារផ្ទៃក្នុងត្រូវបានសម្របសម្រួល ដោយសង្កត់ធ្ងន់លើអំណាចរបស់ខ្លួនក្នុងការដាក់សម្ពាធលើប្រទេសបារាំងឱ្យពន្លឿន ការងារលើហេដ្ឋារចនាសម្ព័ន្ធ៕
ប្រែសម្រួលៈ ណៃ តុលា

To Top