បរទេស៖ តុលាការកំពូលរបស់ប្រទេសថៃ បានកាត់ទោសអ្នកលេងតន្រ្តីបែប Rock គឺលោក សេក ឡូសូ (ឈ្មោះពិត សេកសាន ស៊ុកភីម៉ៃ) ឱ្យជាប់ពន្ធនាគារ រយៈពេល ២ឆ្នាំ ១២ខែ និង២០ថ្ងៃ ពាក់ព័ន្ធនឹងការប្រឈមមុខដាក់គ្នា ខ្លាំងជាមួយប៉ូលិសកាលពីឆ្នាំ ២០១៧ ។
យោងតាមវែបសាយ Pataya Mail បានឱ្យដឹង កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ ថា ករណីនេះកើតចេញ ពីឧប្បត្តិហេតុកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ នៅពេលដែលប៉ូលិសប៉ុនប៉ងចាប់ខ្លួនលោក សេក នៅឯផ្ទះរបស់លោក តាមដីកាចេញដោយតុលាការ ខេត្ត Nakhon Si Thammarat ជុំវិញការចោទប្រកាន់ពាក់ព័ន្ធ ពីបទបាញ់កាំភ្លើង ទៅលើអាកាស។ លោកសេកបាន តទល់នឹងការចាប់ខ្លួននោះ និងបានគំរាមប្រើអាវុធ ដែលជំរុញឱ្យមានការចូលរួមពីអង្គភាពយុទ្ធសាស្ត្រប៉ូលិសវរជនដើម្បីបង្ក្រាប។
សាលក្រមដំបូង របស់តុលាការឆ្នាំ ២០១៨ បានរកឃើញថា សេក មានពិរុទ្ធភាពលើគ្រប់បទល្មើស ដោយផ្ដន្ទាទោស ឱ្យជាប់ពន្ធនាគាររយៈពេល ១ ឆ្នាំ ១៨ ខែ ពីបទល្មើសផ្សេងៗ រួមមាន កាន់កាប់អាវុធគ្មានច្បាប់អនុញ្ញាត តទល់នឹងនគរបាល ដែលមានអាវុធ និងប្រើប្រាស់គ្រឿងញៀន។ បន្ថែម ១ ឆ្នាំ ៣ ខែពីការផ្តន្ទាទោសពីមុនត្រូវ បានបន្ថែមដែលនាំឱ្យសរុបទៅ ២ ឆ្នាំ ២១ ខែ។
លោក សេក បានប្តឹងឧទ្ធរណ៍ ហើយនៅឆ្នាំ ២០២០ សាលាឧទ្ធរណ៍បានកាត់បន្ថយទោសពាក់ព័ន្ធនឹងអាវុធបានបន្តិច ដែលជាលទ្ធផលដាក់ទោសរួមបញ្ចូលគ្នា ២ ឆ្នាំ ១៨ ខែ។ ពេលនេះ តុលាការកំពូលបានចេញសាលដីកាស្ថាពរ ដោយកែសម្រួលទោសដាក់ពន្ធនាគារ ២ឆ្នាំ ១២ខែ និង២០ថ្ងៃ ដោយមិនមានការព្យួរទោសឡើយ។
លោក សេក ឡូសូ ត្រូវបានដោះលែងឲ្យនៅក្រៅឃុំក្នុងអំឡុងពេលដំណើរការបណ្តឹងឧទ្ធរណ៍ដោយកំណត់ប្រាក់ធានាចំនួន ៦០ ម៉ឺនបាត។ តាមការសម្រេចកាលពីថ្ងៃអង្គារ គាត់ត្រូវបានចាប់ខ្លួនទៅឃុំខ្លួននិងផ្ទេរទៅពន្ធនាគារ Min Buri Remand ដើម្បីចាប់ផ្តើមកាត់ទោស។
តុលាការបានច្រានចោលការអះអាងរបស់លោក សេក ដែលថាលោកមានបញ្ហា ផ្លូវចិត្តដោយសារភាពខូចសណ្ដាប់ធ្នាប់នៃស្មារតី ដោយតុលាការបញ្ជាក់ថា លោកបានដឹងច្បាស់ពីទង្វើ របស់លោកនៅពេលប្រព្រឹត្តបទល្មើស៕
ប្រែសម្រួលៈ ណៃ តុលា
