ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តីថៃ លោកស្រី ផែតងតាន ស៊ីណាវ៉ាត្រា ថា រដ្ឋាភិបាលកំពុងធ្វើការជាមួយក្រុមហ៊ុននានា ដើម្បីទិញផលិតផល ពីកសិករដែលសល់ច្រើន

Photo: Government House

បរទេស៖ ក្នុងដំណើរទស្សនកិច្ចទៅកាន់ខេត្ត Chanthaburi កាលពីថ្ងៃសៅរ៍ នាយករដ្ឋមន្រ្តីថៃ លោកស្រី ផែតងតាន ស៊ីណាវ៉ាត្រា បានជួបជាមួយកសិករ ដាំផ្លែឈើ និងសហគ្រិនមកពីតំបន់ភាគខាងកើត ដែលបានលើកឡើង ពីការព្រួយបារម្ភខ្លាំង រួមទាំងការកើនឡើងថ្លៃដើមផលិតកម្ម ការពន្យារពេលនាំចេញ និងកង្វះកម្លាំងពលកម្ម ដោយពួកគេបានផ្តោតលើវិធី ដែលរដ្ឋាភិបាលអាចជួយដោះស្រាយបញ្ហាប្រឈមទាំងនេះ។

យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ របស់ថៃ ចេញផ្សាយកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា   អំឡុងពេលទស្សនកិច្ចនោះ កសិករក៏បានអំពាវនាវ ឱ្យពន្លឿនដំណើរការរបស់គយនៅច្រកព្រំដែន ដែលការនាំចេញ ប្រឈមនឹងការពន្យារពេលរហូតដល់ ១២ ថ្ងៃ។ ពួកគេក៏បានស្វែង រកបទប្បញ្ញត្តិច្បាស់លាស់បន្ថែមទៀត ដើម្បីទប់ស្កាត់ការ ប្រមូលផលផ្លែទុរេនមុនកាលកំណត់ ដែលប៉ះពាល់ដល់ទាំងទម្ងន់ និងគុណភាពរបស់ផ្លែទុរេន។ ពួកគាត់បានជំរុញឲ្យក្រសួងកសិកម្ម និងអាជ្ញាធរខេត្តអនុវត្តគោលការណ៍ ណែនាំតឹងរ៉ឹងលើបញ្ហានេះ។

កង្វះកម្លាំងពលកម្មជាកង្វល់ធំមួយទៀត ដោយកសិករបានស្នើសុំពន្យារការអនុញ្ញាតការងារសម្រាប់ពលករចំណាកស្រុក និងអនុញ្ញាតឱ្យពួកគេផ្លាស់ទីរវាងខេត្តនានាសម្រាប់ហេតុផលការងារ។ ពួកគេក៏បានស្វែងរកមូលនិធិសំណងចំនួន ១០០ លានដុល្លារសម្រាប់កសិករដាំទុរេន និងអ្នកស្រុកដែលរងផលប៉ះពាល់ដោយការលុកលុយរបស់ដំរីព្រៃ។

ជាការឆ្លើយតប លោកស្រី ផែតងតាន ស៊ីណាវ៉ាត្រា បាននិយាយថា រដ្ឋាភិបាលកំពុងធ្វើការជាមួយក្រុមហ៊ុននានា ដើម្បីទិញផលិតផលដែលនៅសល់ច្រើន និងកាត់បន្ថយការខូចខាត។

លោកស្រីក៏បានសន្យាថា នឹងពន្លឿននីតិវិធីនាំចេញ និងបានបញ្ជាក់ថា ក្រសួងការងារត្រូវបានណែនាំ ដើម្បីដោះស្រាយកង្វះកម្លាំងពលកម្មក្នុងវិស័យកសិកម្ម។

លោកស្រីបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការស្រាវជ្រាវ និងការអភិវឌ្ឍន៍ ដើម្បីកែលម្អគុណភាពផលិតផល និងការប្រកួតប្រជែង ដោយលើកឡើងពីវឌ្ឍនភាពរបស់ប្រទេសជិតខាង។

ក្រោយមកនៅថ្ងៃនោះ លោកស្រីនាយករដ្ឋមន្រ្តីបានទៅទស្សនាស្តង់ តាំងពិពណ៌ដែលដំណើរការដោយក្រុម Young Smart Farmer ដែលជាកន្លែងលក់ទុរេនតាមរយៈការផ្សាយផ្ទាល់។

លោកស្រីក៏បានចូលរួមក្នុងគំនិតផ្តួចផ្តើមក្នុងគោលបំណងគ្រប់គ្រង សំណល់ជាតិគីមីនៅក្នុងផ្លែទុរេន ការដាំដុះ និងចូលរួមសកម្មភាពកាត់ទុរេនផងដែរ៕
ប្រែសម្រួលៈ ណៃ តុលា

To Top