សេអ៊ូល៖ ទិន្នន័យរបស់រដ្ឋាភិបាលបានបង្ហាញថា ការនាំចេញរថយន្តរបស់កូរ៉េខាងត្បូង បានធ្លាក់ចុះកាលពីខែមុន ដោយសារការដាក់ពន្ធរបស់សហរដ្ឋអាមេរិក។ ការដឹកជញ្ជូនរថយន្តបានធ្លាក់ចុះ ៣.៨ ភាគរយធៀបនឹងឆ្នាំមុនមកត្រឹម ៦.៥៣ ពាន់លានដុល្លារអាមេរិក ក្នុងខែមេសា បន្ទាប់ពីបានកើនឡើងជាខ្ទង់តែមួយនៅក្នុងខែមុន នេះបើយោង តាមក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល។
ការធ្លាក់ចុះនេះត្រូវបានគេសន្មត ថា មកពីការដាក់ពន្ធរបស់សហរដ្ឋអាមេរិក ដែលកាត់បន្ថយតម្រូវការ របស់សហរដ្ឋអាមេរិកសម្រាប់យានយន្ត ដែលផលិតក្នុងស្រុក និងតម្រូវការធ្លាក់ចុះ សម្រាប់រថយន្តសេដាន់ ដែលមិនប៉ះពាល់ដល់បរិស្ថាន។ ការនាំចេញរថយន្តទៅកាន់សហរដ្ឋអាមេរិកបានធ្លាក់ចុះ ១៩.៦ ភាគរយ មកនៅត្រឹម ២.៨៩ ពាន់លានដុល្លារ ប៉ុន្តែការនាំចេញទៅកាន់សហភាពអឺរ៉ុប និងអាស៊ីបានកើនឡើងទ្វេដង។
ការដឹកជញ្ជូនយានយន្តដែលមិនប៉ះពាល់ដល់បរិស្ថានបានធ្លាក់ចុះ ២.៩ ភាគរយដល់ ២.២២ ពាន់លានដុល្លារក្នុងខែមេសា បើធៀបនឹងខែដូចគ្នានៃឆ្នាំមុន។ ចំនួនរថយន្តដែលបាននាំចេញមកដល់ ២៤៦.៩២៤គ្រឿងក្នុងខែមេសា ធ្លាក់ចុះ ៨,៨ ភាគរយធៀបនឹងឆ្នាំមុន។ ការដឹកជញ្ជូនគ្រឿងបន្លាស់រថយន្តបានកើនឡើង ៣.៥ ភាគរយដល់ ២.០៣ ពាន់លានដុល្លារ។
ចំនួនយានយន្តដែលផលិតនៅក្នុងរោងចក្រក្នុងស្រុកបានធ្លាក់ចុះ ២.២ ភាគរយដល់ ៣៨៥,៦២១គ្រឿង នៅក្នុងខែមេសា ជារៀងរាល់ឆ្នាំ។ ចំនួនរថយន្តដែលលក់ក្នុងប្រទេសរួមទាំងរថយន្តផលិតក្នុងស្រុក និងការនាំចូលមានចំនួន ១៥០.៦២២ ក្នុងខែមេសា កើនឡើង ៦,៧ ភាគរយធៀបនឹងឆ្នាំមុន៕
ប្រែសម្រួល ឈូក បូរ៉ា
