ព័ត៌មានអន្តរជាតិ

រដ្ឋមន្រ្តីពាណិជ្ជកម្មអីស្រ្តាលី អះអាងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអឺរ៉ុប នឹងធ្វើជាគំរូប្រឆាំង​ នឹងការគាំពារនិយម

xinhua

កង់បេរ៉ា៖ យោងតាមការឲ្យដឹង ពីរដ្ឋមន្រ្តីពាណិជ្ជកម្ម អូស្រ្តាលីបានឲ្យដឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីរវាងប្រទេស អូស្ត្រាលី និងសហភាពអឺរ៉ុប  នឹងក្លាយជាគំរូ សម្រាប់ប្រទេសដទៃទៀត ក្នុងការបដិសេធលទ្ធិគាំពារនិយម នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Don Farrell រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងទេសចរណ៍ របស់ប្រទេសអូស្ត្រាលី បានឲ្យដឹងនៅក្នុងបទ សម្ភាសន៍ជាមួយកាសែត Nine Entertainment ថា នៅថ្ងៃអង្គារនេះ លោកនឹងនិយាយជាមួយសមភាគី សហភាពអឺរ៉ុបរបស់លោក គឺស្នងការ សម្រាប់ពាណិជ្ជកម្មលោក Maros Sefcovic ហើយអញ្ជើញលោកទៅអូស្ត្រាលី នៅឱកាសដំបូងបំផុត ដើម្បីចាប់ផ្តើមកិច្ចចរចា ពាណិជ្ជកម្មសេរីឡើងវិញ។

លោក Farrell បានលើកឡើងថា “អឺរ៉ុប និងអូស្ត្រាលី ស្ថិតនៅក្នុងទីតាំងមួយ ដើម្បីធ្វើជាគំរូសម្រាប់ប្រទេសដទៃទៀត ដូច្នេះសារនោះចេញឱ្យឃើញថា លទ្ធិគាំពារនិយមមិនមែនជាផ្លូវដែលត្រូវទៅនោះទេ” ។ អូស្ត្រាលី និងសហភាពអឺរ៉ុប បានចាប់ផ្តើមការចរចាលើកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីដ៏សំខាន់មួយក្នុងឆ្នាំ២០១៨ មុនពេលកិច្ចពិភាក្សា បានបែកបាក់នៅឆ្នាំ២០២៣ នៅពេលដែល ភាគីទាំងពីរមិន អាចឈានដល់កិច្ចព្រមព្រៀង ស្តីពីការចូលទៅកាន់ទីផ្សារ សហភាពអឺរ៉ុប សម្រាប់ការនាំចេញកសិផលរបស់អូស្ត្រាលី។

រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីលោក Anthony Albanese បានផ្លាស់ប្តូរដើម្បីចាប់ផ្តើមកិច្ចចរចាជាមួយអឺរ៉ុប ក្នុងខែមេសា ហើយលោក Albanese កាលពីថ្ងៃអាទិត្យបានជួបជាមួយប្រធានគណៈកម្មការអឺរ៉ុបលោក Ursula von der Leyen នៅទីក្រុងរ៉ូម។ លោក Farrell បានប្រាប់កាសែតខាងលើនេះថា លទ្ធិគាំពារនិយមនឹងនាំឱ្យមានអតិផរណាខ្ពស់ ភាពអត់ការងារធ្វើកាន់តែខ្ពស់ ការកាត់បន្ថយកម្រិតជីវភាព និងការកាត់បន្ថយអត្រា ឥណទានសម្រាប់ “ប្រទេសដែលដើរតាមផ្លូវនោះ”។

លោកបានបន្ដថា “អឺរ៉ុប និង អូស្ត្រាលី និយាយអំពីសារៈសំខាន់នៃសណ្តាប់ធ្នាប់ ដែលផ្អែកលើច្បាប់ ហើយយើងត្រូវបង្ហាញ ដល់ពិភពលោកថាពាណិជ្ជកម្មសេរី និងយុត្តិធម៌គឺល្អសម្រាប់ភាពរុងរឿង”។ ថ្លែងនៅក្នុងសន្និសីទ សារព័ត៌មាននៅទីក្រុងកង់បេរ៉ា កាលពីថ្ងៃចន្ទ លោក Farrell បានបញ្ជាក់ថា ការចូលទៅកាន់ ទីផ្សារសាច់គោអូស្ត្រាលី និងសាច់ចៀមទៅកាន់ទីផ្សារអ៊ឺរ៉ុប គឺជាបញ្ហាលំបាក នៅក្នុងកិច្ចពិភាក្សាមុន ប៉ុន្តែភាគីទាំងពីរមានសុច្ឆន្ទៈ ដើម្បីទទួលបានកិច្ចព្រមព្រៀងមួយ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top